សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានបើកកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃសៅរ៍ (២៤ កុម្ភៈ) ហើយបានប្រកាសពីការដកទណ្ឌកម្មដែលដាក់លើប្រទេសនីហ្សេ ម៉ាលី បួគីណាហ្វាសូ និងហ្គីណេ ដោយប្លុកក្នុងតំបន់មួយនេះកំពុងជំរុញឱ្យមានកិច្ចសន្ទនាដើម្បីបញ្ចៀសវិបត្តិនយោបាយនៅក្នុងតំបន់។

ប្លុក ECOWAS បានដាក់ទណ្ឌកម្មលើប្រទេសទាំងនេះ បន្ទាប់ពីការផ្លាស់ប្តូររដ្ឋាភិបាលមិនស្របតាមរដ្ឋធម្មនុញ្ញ តាមរយៈរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។ ទណ្ឌកម្មនេះបានឃើញប្រទេសនីហ្សេ ម៉ាលី និងបួគីណាហ្វាសូ ប្រកាសពីចេតនាដកខ្លួនចេញពីប្លុកជាអចិន្ត្រៃយ៍ ប៉ុន្តែ ECOWAS បានអំពាវនាវឲ្យរដ្ឋទាំងបីត្រឡប់មកវិញ។

ប្រធានគណៈកម្មការ ECOWAS លោក អូម៉ា អាលីវ ថួរ៉ាយ (Omar Alieu Touray) បាននិយាយថា ការសម្រេចនេះគឺផ្អែកលើការពិចារណាផ្នែកមនុស្សធម៌ ហើយប្លុកនេះមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការដកខ្លួនរបស់ប្រទេសទាំងនេះ ជាពិសេសទៅលើប្រជាពលរដ្ឋ និងចំពោះដំណើរការសមាហរណកម្មក្នុងតំបន់។

មេដឹកនាំយោធានៃប្រទេសនីហ្សេ បួគីណាហ្វាសូ និងម៉ាលី មានទំនាក់ទំនងមិនចុះសម្រុងជាមួយប្លុក ECOWAS ចាប់តាំងពីពួកគេបានកាន់អំណាចនៅក្នុងប្រទេសរៀងៗខ្លួនតាមរយៈរដ្ឋប្រហារមក ហើយទណ្ឌកម្មដែលត្រូវដកចេញដំបូងនេះគឺមានគោលបំណងបញ្ច្រាសរដ្ឋប្រហារក្នុងការជំរុញឱ្យមានការសន្ទនា៕