សាជីវកម្មធានាឥណទានកម្ពុជា គិតត្រឹមចុងខែមករា ឆ្នាំ ២០២៤ បានផ្តល់ការធានាឥណទាន ក្នុងទំហំទឹកប្រាក់កម្ចីប្រមាណជាង ១៧០ លានដុល្លារអាមេរិក ដើម្បីគាំទ្រសម្រាប់ឥណទានអាជីវកម្ម ការវិនិយោគ និងជាទុនបង្វិលនៃការពង្រីកអាជីវកម្មក្នុងស្រុក។
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានបង្ហាញតាមរយៈព្រឹត្តិបត្រនៃវឌ្ឍនភាពនៃការធានាឥណទាននៅព្រះរាជាណាចក្រកម្ពុជា ឱ្យដឹងថា គិតត្រឹមចុងខែ មករា ឆ្នាំ ២០២៣នេះ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានមានទំហំទឹកប្រាក់កម្ចីប្រមាណជាង ១៧០លានដុល្លារ ក្នុងនោះសម្រាប់កម្ចីជាប្រាក់រៀល មានទំហំឥណទានដែលមានការធានាសរុបជាង ៨៤ ប៊ីលានរៀល, ឥណទានដែលមិនមានការធានាជិត ២៣ ប៊ីលានរៀល និងទំហំការធានាឥណទានមានជិត ៦២ ប៊ីលានរៀល។
របាយការណ៍ដដែលបញ្ជាក់ថា ចំពោះកម្ចីឥណទានជាប្រាក់ដុល្លារវិញ ទំហំឥណទានដែលមានការធានាសរុបជិត ១៥០ លានដុល្លារ ក្នុងនោះសម្រាប់ឥណទាន ដែលមិនមានការធានាមានជាង ៤១លានដុល្លារ និងមានទំហំការធានាឥណទានជាង ១០៧ លានដុល្លារ។
ចំពោះប្រភេទអាជីវកម្មដែលបានផ្តល់ជូន គិតត្រឹមរយៈពេលនេះដែរ សរុបមានចំនួនជិត ២ ពាន់ក្រុមហ៊ុន/សហគ្រាស ក្នុងនោះអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមាន ៨៣៣ សហគ្រាស និងមិនគ្រប់គ្រងដោយស្រ្តីមានជាង ១ ១៤៤ ក្រុមហ៊ុន/ សហគ្រាស ។ ចំណែកប្រភេទនៃការកម្ចីវិញ អាជីវកម្មដែលមានការទ្រព្យធានាមានចំនួន ៧៤១ ក្រុមហ៊ុន/សហគ្រាស និងគ្មាន ទ្រព្យធានា មានចំនួន ១ ២៣៦ ក្រុមហ៊ុន/សហគ្រាស។
ដោយឡែកការធានាលើប្រភេទអាជីវកម្មវិញ គិតត្រឹមចុងខែ មករា ឆ្នាំ ២០២៣ នេះ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ទៅដល់ក្រុមហ៊ុនខ្នាតធំ មានចំនួន ១៥២ ក្រុមហ៊ុន/សហគ្រាស និងសហគ្រាសមីក្រូ និងមធ្យម មានចំនួន ១ ៨២៥ សហគ្រាសផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
