ជនអន្តោប្រវេសន៍ដែលកំពុងព្យាយាមឆ្លងទឹកទន្លេ រីយ៉ូគ្រែន (Rio Grande) ចូលទៅក្នុងរដ្ឋតិចសាស់(Texas) ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីទឹកហូរគួចពួកគេ។

ជនអន្តោប្រវេសន៍មួយក្រុមមានគ្នា៥នាក់ រួមទាំងបុរសជនជាតិកាតេម៉ាឡា និងមិត្តស្រីរបស់គេ បានទៅតាមបុរសជនជាតិម៉ិកស៊ីកូម្នាក់ដែល បានព្យាយាមជាលើកទី២នាំពួកគេឆ្លងទន្លេ ។ ក្នុងការប៉ុនប៉ងលើកទី២ចរន្តទឹកហួរខ្លាំងក្នុងទន្លេបានហួរគួចក្រុមនេះ ដែលធ្វើឲ្យពួកគេស្រែកឲ្យគេជួយខណៈពួកគេកាន់ដៃគ្នា។

ឆ្មាំជាតិនិងនគរបាលម៉ិកស៊ិក បានប្រញាប់ប្រញាល់ទៅច្រាំងទន្លេ។ បុរសម្នាក់បានលោតចូលក្នុងទន្លេនិងបានទាញបុរសម្នាក់ដែលជាមេក្រុម ក្នុងស្ថានភាពសន្លប់ឡើងមកលើច្រាំងនិងចាប់ផ្ដើមសង្រ្គោះ។ជនអន្តោប្រវេសន៍មួយចំនួនបានរត់ទៅកាន់មាត់ច្រាំង ប៉ុន្តែនៅពេលព្រះអាទិត្យលេច ស្ត្រីជនជាតិកាតេម៉ាឡា នៅតែបាត់ខ្លួនហើយមិនត្រូវបានគេដឹងភ្លាមៗទេថាតើនាងនៅមានជីវិតឬយ៉ាងណា។

ប្រហែលកន្លះម៉ោងក្រោយមក ក្រុមអាជ្ញាធរម៉ិកស៊ិក បានប្រើឈើវែងមួយដើមជួយសង្រ្គោះស្ត្រី ជនជាតិកូឡុំប៊ីម្នាក់ពីទន្លេនេះ។
ទីក្រុងភីដ្រាស ណេក្រាស(Piedras Negras) រដ្ឋ គ័រអ៊ុយឡា(Coahuila) ប្រទេសម៉ិកស៊ិក គឺជាចំណុចឆ្លងទន្លេរីយ៉ូគ្រែន ពីទីក្រុង Eagle Pass រដ្ឋតិចសាស់ ជាទីដែលអភិបាលរដ្ឋ តិចសាស់ លោក Greg Abbott បានចាប់ផ្ដើមសាងសង់ជំរំមូលដ្ឋានយោធារបស់រដ្ឋនេះ ដែលលោកនិយាយថា នឹងក្លាយជាជម្រកសម្រាប់កងទ័ព១.៨០០នាក់ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការពារព្រំដែនដើម្បីទប់ស្កាត់ចំនួនអន្តោប្រវេសន៍ខុសច្បាប់៕