WHO៖ អង្គការសុខភាពពិភពលោកនិយាយថា ករណីឆ្លងវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេអះអាងថាបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថាបានឆ្លងរាលដាលដល់ប្រទេស និងដែនដីជាង ១០០។

របាយការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោកនិយាយថា ប្រទេស និងដែនដីចំនួន ១០៤ បានបញ្ជាក់ពីករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta គិតត្រឹមថ្ងៃអង្គារគឺកើនឡើងចំនួន ៧ប្រទេសពីសប្ដាហ៍មុន។ អង្គការសុខភាពពិភពលោកបានផ្តល់ព័ត៌មានថ្មីៗ ស្ដីពីការឆ្លងរាលដាលនៃវីរុសបម្លែងខ្លួនថ្មីនេះចាប់តាំងពីខែមេសាឆ្នាំនេះ។ គិតត្រឹមថ្ងៃទី២៧ ខែមេសា យ៉ាងហោចណាស់មានប្រទេសចំនួន ១៧ រួមទាំងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកបានរាយការណ៍ពីករណីឆ្លងវីរុសបម្លែងខ្លួនថ្មីនេះ។ បន្ទាប់មកនៅចុងខែឧសភា ប្រទេស និងដែនដីចំនួន ៦០ បានរាយការណ៍អំពីករណីឆ្លងបែបនេះ ហើយនៅចុងខែមិថុនាមានចំនួន ៩៦ប្រទេស។
ក្រឡេកមើលវីរុសបម្លែងខ្លួនផ្សេងទៀតគិតត្រឹមថ្ងៃអង្គារបណ្តាប្រទេស និងដែនដីដែលបានរាយការណ៍ពីវីរុសបម្លែងខ្លួនថ្មី Alpha ដែលត្រូវបានបញ្ជាក់ដំបូងនៅចក្រភពអង់គ្លេស បានឡើងដល់ចំនួន ១៧៣ប្រទេស និងដែនដីគឺកើនឡើងមួយប្រទេសពីសប្ដាហ៍មុន។ ប្រទេសដែលបានរាយការណ៍ពីវីរុសបម្លែងខ្លួនថ្មី Beta ដែលត្រូវបានបញ្ជាក់ដំបូងនៅអាហ្វ្រិកខាងត្បូងបានកើនឡើង ៣ប្រទេសបន្ថែមទៀតដែលកើនឡើងដល់ ១២២ប្រទេស និងដែនដី ហើយប្រទេសដែលបានរាយការណ៍ពីវីរុសបម្លែងខ្លួនថ្មី Gamma ដែលត្រូវបានបញ្ជាក់ដំបូងនៅក្នុងប្រទេសប្រេស៊ីលគឺកើនឡើង ២ប្រទេសថែមទៀត នាំឲ្យកើនឡើងសរុបដល់ ៧៤ប្រទេស និងដែនដី៕
អត្ថបទ៖ សុខមាន