លោក Park Dan ដែលថ្មីៗនេះបានយល់ដឹងពីក្តីស្រមៃកាលពីកុមារភាពរបស់លោក ក្នុងការធ្វើជាគ្រូពេទ្យសង្គ្រោះបន្ទាន់ គឺជាគ្រូពេទ្យហាត់ការម្នាក់ក្នុងចំណោមគ្រូពេទ្យហាត់ការ និងវេជ្ជបណ្ឌិត ដែលសុំលាលែងពីការងារ នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ដែលគំរាមកំហែងចាប់ខ្លួនពួកគេ។

លោកនិយាយថា វេជ្ជបណ្ឌិតចុះកម្មសិក្សា ជាសមាជិកសំខាន់នៅក្នុងប្រព័ន្ធវេជ្ជសាស្ត្រដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង បានធ្វើការលើសកម្រិតការងារ ទទួលបានប្រាក់ខែតិច និងពុំមានការដឹងឮ។

វេជ្ជបណ្ឌិតវ័យក្មេងដូចជា លោក Park ចង់បានប្រាក់ខែ និងលក្ខខណ្ឌការងាររបស់ពួកគេជាអាទិភាព ជាជាងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួនគ្រូពេទ្យ។ អាជ្ញាធរ បាននិយាយថា ត្រូវការបុគ្គលិកបន្ថែមទៀតដើម្បីបង្កើនសេវាថែទាំសុខភាពនៅតំបន់ដាច់ស្រយាល និងបំពេញតាមតម្រូវការដែលកំពុងកើនឡើងរបស់សង្គមដែលមានមនុស្សវ័យចំណាស់ឆាប់រហ័ស របស់ពិភពលោក។ បន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំបំផុតចំនួន៥ របស់ប្រទេសកូរ៉េខាងត្បូង បានស្ថិតក្នុង «ការព្រមានពណ៌ក្រហម» កាលពីថ្ងៃអាទិត្យ ដែលមន្ទីរពេទ្យទាំងនេះកំពុងអស់គ្រែសម្រាក។
នាយករដ្ឋមន្ត្រី លោក Han Duck-soo បាននិយាយថា មន្ទីរពេទ្យរដ្ឋ នឹងនៅតែបើក នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក ដើម្បីបំពេញតម្រូវការ។ មន្ទីរពេទ្យ បានបង្វែរអ្នកជំងឺចេញ និងលុបចោលការវះកាត់ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតវ័យក្មេងប្រហែល ២ ភាគ ៣ របស់ប្រទេសនេះ បានដើរចេញពីការងារ ដើម្បីតវ៉ា។
យោងតាមសមាគមគ្រូពេទ្យហាត់ការប្រទេសកូរ៉េ បានឱ្យដឹងថា គ្រូពេទ្យហាត់ការ និងវេជ្ជបណ្ឌិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ធ្វើការប្តូរវេន ៣៦ម៉ោង បើប្រៀបធៀបទៅនឹងការប្តូរវេនតិចជាង២៤ម៉ោង នៅសហរដ្ឋអាមេរិក។
សមាគម និយាយថា គ្រូពេទ្យវ័យក្មេងពាក់កណ្តាលនៅសហរដ្ឋអាមេរិក ធ្វើការ ៦០ ម៉ោងក្នុងមួយសប្តាហ៍ឬតិចជាងនេះ ខណៈក្រុមវេជ្ជបណ្ឌិតប្រទេសកូរ៉េ ធ្វើការលើសពី ១០០ម៉ោង។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃចន្ទនេះថា គ្រូពេទ្យ និងវេជ្ជបណ្ឌិត កូរ៉េខាងត្បូងចំនួនជាង១ម៉ឺននាក់ បានបញ្ជូនលិខិតលាលែងពីការងាររបស់ពួកគេ ក្នុងការតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាល ដើម្បីបង្កើនចំនួននិស្សិតពេទ្យ។