សមាគមយុវជនខ្មែរមហានគរ នៅថ្ងៃទី២៦ ខែកុម្ភៈនេះ បានអបអរសាទរ និងគាំទ្រចំពោះលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ខណៈដែលការបោះឆ្នោតព្រឹទ្ធសភាបានបិទបញ្ចប់ប្រកបដោយភាពរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា បានអះអាងថា ពួកគេបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការនៃការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ម៉ោង ៣ រសៀលថ្ងៃដដែលក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែងថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកលដែលមានសមាជិកសមាជិការដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ លោកបន្តថា សុខសន្តិភាពនេះហើយ គឺជាមូលដ្ឋានគ្រឹះធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។
បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា ជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំនាវាកម្ពុជាទៅកាន់ភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសសម្រេចបាននូវគោលដៅកម្ពុជាក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា ជឿជាក់ថា ក្រោមការដឹកនាំប្រកដដោយគតិបណ្ឌិតរបស់ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀតប្រទេសកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិមានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ និងឥតឈប់ឈរ៕


