មេដឹកនាំនៃកងជីវពលនិកាយស៊ីអ៊ីតប្រដាប់អាវុធអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា រយៈពេលនៃការស្ងប់ស្ងាត់នាពេលបច្ចុប្បន្នក្នុងចំណោមក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ក្នុងជម្លោះរបស់ពួកគេជាមួយកងកម្លាំងអាមេរិក គឺជា «យុទ្ធសាស្ត្របណ្តោះអាសន្ន» ដោយសង្កត់ធ្ងន់ថា ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ មិនបានបោះបង់ចោលការគាំទ្ររបស់ខ្លួនសម្រាប់ប៉ាឡេស្ទីននោះទេ។

លោកអាក្រាម អាល់កាអាប៊ី ( Akram al-Kaabi) ជាអគ្គលេខាធិការនៃចលនា al-Nujaba ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពស្ងប់ស្ងាត់នាពេលបច្ចុប្បន្ននេះ គ្រាន់តែជាយុទ្ធសាស្ត្រមួយសម្រាប់ការរៀបចំទីតាំងឡើងវិញ និងការដាក់ពង្រាយ ដោយបញ្ជាក់ថា៖«វាគ្រាន់តែជាភាពស្ងប់ស្ងាត់ មុនពេលព្យុះតែប៉ុណ្ណោះ»។

លោកបាននិយាយថា ការតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ «គឺជាផ្នែកដ៏សំខាន់មួយ ក្នុងការប្រយុទ្ធ ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់ក្រុមជ្វីហ្វនិយម (យុទ្ធនាការយោធាអ៊ីស្រាអែល) និងអ្នកគាំទ្រអាមេរិកប្រឆាំងនឹងតំបន់ហ្កាហ្សាស្ទ្រីប»។
លោក អាល់កាអាប៊ី ក៏បាននិយាយដែរថា មានការសម្របសម្រួលកម្រិតខ្ពស់រវាង «ក្រុមរណសិរ្សបើកចំហ» ផ្សេងៗគ្នាប្រឆាំងនឹងជនជាតិអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់ ដោយសង្កត់ធ្ងន់ថា «ភាពស្ងប់ស្ងាត់ណាមួយ នៅផ្នែកខាងមុខ និងការបង្កបញ្ហាលើផ្នែកមួយទៀត គឺជាយុទ្ធសាស្ត្រប្រកបដោយចេតនា មានគោលបំណង និងសម្របសម្រួល»។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«ទោះបីជាក្រុមអ្នកតស៊ូអ៊ីស្លាម មិនបានច្រានចោលការចរចា របស់រដ្ឋាភិបាល ដើម្បីកំណត់ការដកទ័ពអាមេរិកចេញពីអ៊ីរ៉ាក់ក៏ដោយ ក៏យើងបញ្ជាក់ថា អ្នកកាន់កាប់សហរដ្ឋអាមេរិកនេះ គឺជាអ្នកភូតកុហក អ្នកបោកប្រាស់ និងជាអ្នកដែលក្រអឺតក្រទម»។
រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងចលនាតស៊ូអ៊ីស្លាមដែលគ្រប់គ្រងតំបន់ហ្កា ហ្សា (Hamas) និងអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា ក្រុមតស៊ូអ៊ីស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែត យានដ្រូន និងកាំភ្លើងត្បាល់ទៅលើមូលដ្ឋានយោធារបស់កងកម្លាំងអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។