តំណាងអយ្យការអមសាលាដំបូងរាជធានី សម្រេចចោទប្រកាន់ជនជាតិចិនម្នាក់ ចំនួន២បទល្មើស ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់នៅលើមហាវិថីសហព័ន្ធរុស្ស៉ី។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លើជនសង្ស័យជាជនជាតិចិនឈ្មោះ FU ZHONG HUA ភេទ ប្រុស កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ ចំនួន២បទល្មើស បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ។

បទល្មើសទាំង២នោះ តំណាងអយ្យការបានចោទ ទី១ ពីបទ បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦មីលីក្រាមក្នុងមួយលីត្រខ្យល់ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨៥ កថាខណ្ឌទី ២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងទី២ ពីបទ រត់គេចខ្លួន ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ជូនថា កាលពីវេលាម៉ោង១២ និង៤៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស ជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 ផលិតឆ្នាំ២០២២ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦មីលីក្រាមក្នុងមួយលីត្រខ្យល់ លុះមកដល់ចំណុចមុខក្រុមហ៊ុន SDB លើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្តបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន០២នាក់ទៀត ជាជនជាតិចិនដូចគ្នា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
