ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដែលទើបទទួលបានតំណែងជា «ឧបនាយករដ្ឋមន្ដ្រី» បន្ថែមលើមុខងារនាពេលបច្ចុប្បន្ន បានចាត់ទុកថា តួនាទីដែលឯកឧត្តម ទទួលបាននេះ មិនគ្រាន់តែជា «តំណែង» ប៉ុណ្ណោះទេ តែក៏ជាទំនួលខុសត្រូវ ទំនុកចិត្ត និងភារកិច្ចក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រង ធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈ។

តាមរយៈបណ្តាញសង្គម Facebook ផ្លូវការនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្ដខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្តដើម្បីសម្រេចឲ្យបាននូវផែនការដែលបានដាក់ចេញ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សហការីទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ នឹងចូលរួមគាំទ្រកិច្ចការនេះរហូតទាល់តែបានជោគជ័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់ថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានទទួលសារអបអរ និងជូនពរជាច្រើន ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងតួនាទីជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ តួនាទីនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់រូបឯកឧត្តម ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងលះបង់ឥតឈប់ឈររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដែលទទួលបន្ទុកការងារប្រចាំថ្ងៃ ក៏ដូចជាការទទួលស្គាល់នូវសារៈសំខាន់ នៃទំនួលខុសត្រូវរបស់ក្រសួងមុខងារសាធារណៈ ក្នុងការគ្រប់គ្រងវិស័យមុខងារសាធារណៈ និងដឹកនាំការងារកែទម្រង់ឲ្យកាន់តែល្អប្រសើរឡើងនូវរដ្ឋបាលសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។
១៖ ទូលបង្គំជាខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានតែងតាំងទូលបង្គំជាខ្ញុំ និងក្រាបថ្វាយអំណរព្រះរាជគុណ ថ្វាយព្រះវររាជមាតាជាតិខ្មែរ (សម្តេចយាយ) ដែលសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារអបអរសាទរដោយផ្ទាល់ ដែលនេះជាមហាកិត្តិយសដ៏ក្រៃលែងបំផុតសម្រាប់ទូលបង្គំជាខ្ញុំ។
២៖ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបរវធិបតី នាយករដ្ឋមន្រ្តី ដែលបានផ្តល់សេចក្តីទុកចិត្ត និងការជឿជាក់ដល់ក្រសួងមុខងារសាធារណៈ ក្នុងភារកិច្ចដ៏មានសារៈសំខាន់មួយនេះ ព្រមទាំងសូមអរគុណដល់អង្គរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តផ្តល់តួនាទីបន្ថែមមកដល់រូបខ្ញុំ។
៣៖ ខ្ញុំបាទក៏សូមថ្លែងអំណរគុណជូនចំពោះ សម្តេច ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឥស្សរជនជាតិ អង្គទូត វិស័យឯកជន សហការី និងមិត្តភក្តិទាំងអស់ ចំពោះពាក្យពេចន៍អបអរសាទរ និងជូនពរប្រកបដោយក្តីរំភើបដល់រូបខ្ញុំ។ ខ្ញុំក៏មានក្តីរំភើបចំពោះសារ និងកាយវិការដ៏ស្និទ្ធស្នាលពីសមាជិក សមាជិកានៃមហាគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស និងពីអ្នកស្ម័គ្រចិត្ត ព្រមទាំងយុវជន ដែលខ្ញុំបានជួប និងស្គាល់ជាច្រើនឆ្នាំកន្លងមកនេះ។ ទាំងសារជូនពរ ទាំងការបង្ហោះ អមជាមួយរូបភាពអនុស្សាវរីយ៍ច្រើនរាប់មិនអស់ បានធ្វើឱ្យខ្ញុំនឹកដល់ការចងចាំមិនអាចបំភ្លេចបានក្នុងព្រឹត្តិការណ៍ជាច្រើនកន្លងមក ដែលនាំឱ្យពួកយើងបានស្គាល់គ្នា ធ្វើការ និងរៀនសូត្រពីគ្នាទៅវិញទៅមក គួបផ្សំនឹងភាពសប្បាយ ក៏ដូចជាការតស៊ូជំនះការលំបាកជាមួយគ្នា ដើម្បីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍នានា។ រូបភាពទាំងអស់ គឺជាអនុស្សាវរីយ៍ដ៏មានតម្លៃកាត់ថ្លៃពុំបានដែលស្តែងឱ្យឃើញពីមិត្តភាព និងការចងចាំល្អៗដែលមិនអាចបំភ្លេចបាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីចិត្តចំពោះការរាប់អានដ៏ស្ម័គ្រស្មោះនេះ។
ជាចុងក្រោយ តួនាទីដែលឯកឧត្តម ទទួលបាននេះ មិនគ្រាន់តែជា «តំណែង» ប៉ុណ្ណោះទេ តែក៏ជាទំនួលខុសត្រូវ ទំនុកចិត្ត និងភារកិច្ចក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ក្នុងការគ្រប់គ្រង ធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈ។ ឆ្លើយតបនឹងទំនួលខុសត្រូវនេះដែរ ថ្នាក់ដឹកនាំទាំងអស់ ទាំងក្នុងមុខងារនយោបាយ និងបច្ចេកទេស របស់ក្រសួងមុខងារសាធារណៈ ដឹងច្បាស់ពីតួនាទី និងត្រៀមខ្លួនឲ្យសាកសមនឹងទំនុកចិត្ត និងការជឿជាក់ដែលត្រូវបានប្រគល់ជូន។ ក្នុងន័យនេះ ឯកឧត្តម ប្តេជ្ញានឹងខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត ដើម្បីសម្រេចឱ្យបាននូវផែនការដែលបានដាក់ចេញ ហើយសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងចូលរួមគាំទ្រកិច្ចការនេះរហូតទាល់តែបានជោគជ័យ។
ក្នុងតួនាទីជាឧបនាយករដ្ឋមន្រ្តី មិនគ្រាន់តែជាតំណែង ឬឋានៈប៉ុណ្ណោះទេ តែលើសពីនោះគឺជាទំនួលខុសត្រូវមួយដែលត្រូវរែកពុនឱ្យបាន ក្នុងបុព្វហេតុជាតិ និងប្រជាជនរបស់យើង។ នោះ គឺជាការរួមគ្នាសម្រេចនូវភាពប្រសើរបន្ថែម និងសម្រួចអនាគតនៃវិស័យរដ្ឋបាលសាធារណៈ សម្រាប់កូនចៅជំនាន់ក្រោយ ក្រោមចក្ខុវិស័យ និងម៌ាគាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី៕ អត្ថបទ រដ្ឋា


