ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថាក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុកបានរីកមុខមាត់នៅ លើឆាកអន្តរជាតិ និងបានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។
តាមរយៈសារ នៅលើទំព័រហ្វេសប៊ុក សម្តេចតេជោ បានថ្លែងអបអរសាទរ ខួប៤ឆ្នាំនៃ ការដាក់បញ្ចូលប្រាសាទ សំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយសម្ដេច បានបញ្ជាក់ថា
នៅថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២១នេះ ជាខួប៤ឆ្នាំហើយនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២១)។
សម្តេច បន្តថា ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។ ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។
សម្តេច ក៏បានផ្តាំផ្ញើសូមចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។
សូមរម្លឹកថា គ្រប់ប្រាសាទនានារបស់ខ្មែរក៏ជាសក្តានុពលដ៏ទាក់ទាញដល់វិស័យទេសចរណ៍កម្ពុជាដែលវិស័យទេសចរណ៍ ត្រូវរាជរដ្ឋាភិបាលចាត់ទុកជា“ មាសបៃតង” បាន ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជាការផ្តល់ប្រាក់ចំណូលខ្ពស់សម្រាប់ប្រទេសជាតិ លើសពីនេះទៀត វិស័យទេសចរណ៍ក៏បានចូលរួមចំណែកយ៉ាងច្រើន ដល់ការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជាផងដែរ៕
អត្ថបទ ៖ មុត សុត


