ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ឯកឧត្តម Martin Vavra បានសម្តែងការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា ក៏ដូចជាសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។ ហើយសន្យាថា នឹងលើកយកសំណើរបស់កម្ពុជាដាក់ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដើម្បីធ្វើការពិនិត្យ និងពិចារណា ពាក់ព័ន្ធនឹងកិច្ចឧបត្ថម្ភគាំទ្រការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ២០២៤ ។
ឯកឧត្តម Martin Vavra ថ្លែងឡើងដូចនេះខណះ
ត្រូវបានឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីននាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាគ្នាដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងនូវសេចក្តីសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ជូនចំពោះ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា និងសហការី ដែលបំពេញ បេសកកម្មដ៏មានតម្លៃ ដើម្បីជាផលប្រយោជន៍រួម ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះ ស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងការដាក់ចេញនូវចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដែលដំណើរការរៀបចំនេះ កម្ពុជា សូមស្វាគមន៍ និងត្រូវការការរួមចំណែកជួយគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យតាមការគ្រោងទុក។
ជាការឆ្លើយពាក់ព័ន្ធនឹងការគាំទ្រការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នេះ ឯកឧត្តម Martin Vavra នឹងលើក យកសំណើរបស់កម្ពុជាដាក់ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដើម្បីធ្វើការពិនិត្យ និងពិចារណា៕ អត្ថបទ ៖ ភារម្យ



