ភ្នំពេញ ៖ ទទួលបានតាមការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ សហការជាមួយកងពលតូចលេខ៧០«ង ៧០» ចុះបាញ់ថ្នាំមូស នៅតាមមូលដ្ឋាន នៃសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD Sen Sok) លោក រស់ ញឿន បានប្រាប់BTV ព័ត៌មាន កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា ក្រុមការងារចុះបាញ់ថ្នាំមូស តាមសង្កាត់ទាំង៦ ដូចជា៖ សង្កាត់ទឹកថ្លា អូបែកក្អម ភ្នំពេញថ្មី គោកឃ្លៀង ក្រាំងធ្នង់ និងឃ្មួញ ក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ ចាប់ពីថ្ងៃទី២៣-២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏សូមអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ គ្មានជម្រកមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម។
ចំណែកលោកនាយកវិទ្យាល័យភ្នំពេញថ្មី រួមនិងប្រជាពលរដ្ឋ បានថ្លែងអំណរគុណជូនចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ ឈឺឆ្អាលពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
បើតាមឯកឧត្ដមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រយៈពេល៦សប្តាហ៍មកនេះ ករណីជំងឺគ្រុនឈាម បានឆ្លងរាលដាលចំនួន១,០០០នាក់ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ៕ អត្ថបទ៖ រដ្ឋា











