ភ្នំពេញ ៖ ក្រុមហ៊ុន សហគ្រាស កាន់បញ្ជិកា និងអនុវត្តវិជ្ជាជីវៈគណនេយ្យ និងសវនកម្មបានត្រឹមត្រូវ និងមានតម្លាភាព ជាការជួយខ្លួនឯង ក្នុងការប្រកបអាជីវកម្ម និងក៏ជាចូលរួមដ៏សំខាន់ ដល់ប្រសិទ្ធភាពនៃប្រមូលចំណូលរបស់ជាតិ។
ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ដែលកំពុងប្រតិបត្តិការក្នុងអាជីវកម្ម អនុវត្តតាម បទប្បញាត្តិ និងការដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវក្នុងគោលដៅជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
ឯកឧត្តមបណ្ឌិតបន្តថា ការចូលរួមអនុវត្តតាមស្តង់ដារគណនេយ្យ និងសវនកម្មបានល្អ អាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស មានមូលដ្ឋានក្នុងការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីគណនេយ្យអាចទុកចិត្តបាន និងអាចទាញផលប្រយោជន៍បានជាច្រើនដូចជា ការទទួលបានឥណទានផ្សេងៗពីស្ថាប័នហិរញ្ញវត្ថុ ការបង្កើនទុនវិនិយោគតាមរយៈទីផ្សារ មូលបត្រ និងការចូលរួមចំណែកក្នុងកាប្រមូលចំណូលជាតិជាដើម។
បើតាមឯកឧត្តមបណ្ឌិត ងី តាយី ចំណែកពាក់ព័ន្ធការអនុវត្តប្រមូលចំណូលពន្ធ តាមច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ កម្ពុជាបានលុបចោលការបង់ពន្ធតាមរបបម៉ៅការ ដោយបង្កើតរបបកំណត់ពន្ធតែមួយ គឺរបបស្វ័យប្រកាស ដែលរបបនេះទាមទារឲ្យមានការកាន់បញ្ជីការត្រឹមត្រូវ ព្រោះអ្នកជាប់ពន្ធគឺធ្វើការប្រកាសពន្ធដោយខ្លួនឯង។ ជុំវិញរបបស្វ័យប្រកាសនេះកម្ពុជាបានធ្វើការបែងចែកពន្ធជាបីភេទ រួមមានអ្នកជាប់ពន្ធតូច, មធ្យម និងអ្នកជាប់ពន្ធធំ។ ចំពោះគោលនយោបាយលុបចចោលរបរពន្ធ ម៉ៅការនេះ គឺជាយន្តការលើកទឹកចិត្តចំពោះអាជិវកម្មតូចតាច ដែលមានផលរបរតិចជាង ២៥០ លានរៀលក្នុងមួយឆ្នាំ និងមានគោលបំណងសម្រាលបន្ទុក ចំណាយរបស់អាជីវកម្មតូចតាច ដែលប្រកបអាជីវកម្មសម្រាប់ត្រឹមតែផ្គត់ផ្គង់អាជីវភាពប្រចាំថ្ងៃ៕
អត្ថបទ៖ សុន រ៉ាឌី
