ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ឱកាសដែលកីឡាករកម្ពុជាបានចូលរួម ប្រកួតប្រជែងជាមួយកីឡាករអន្តរជាតិនាពេលនេះហើយរហូតដល់ទទួលបានមេដាយនោះ គឺកើតចេញពីផ្លែផ្កានៃសន្តិភាពរបស់សង្គមកម្ពុជាទាំងមូល ហើយរាជរដ្ឋាភិបាលនឹងខិតខំពង្រឹងនូវវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជាឲ្យកាន់តែផុសផុលបន្ថែមទៀតផងដែរ។
ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ដល់កីឡាករ កីឡាការិនី ក្នុងការប្រកួតកីឡា ជ្រើសរើសជើងឯកអន្តរជាតិ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ខណៈបច្ចុប្បន្នកីឡានៅកម្ពុជា បានកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយរាជរដ្ឋាភិបាលនឹងខិតខំពង្រឹងនូវវិស័យកីឡានេះឲ្យកាន់តែផុសផុលបន្ថែមទៀត រួមទាំងនឹងបំពាក់នូវសម្ភារៈកីឡា នៅតាមទីសាធារណៈឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។
ក្នុងឱកាសនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអះអាងបន្ថែមទៀតផងដែរថាវិស័យកីឡាគឺបានដើរតួនាទីសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយលើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើតលទ្ធភាពការងារ បង្កើនភាពឈ្លាស់វៃ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលការណ៍នេះរួមចំណែកសុខដុមរមនារវាងប្រជាជននិងប្រជាជន ប្រទេស និងប្រទេស សុវត្ថិភាព និងសុខសន្តិភាពនៅក្នុងសង្គមទាំងមូលផងដែរ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានប្រកាសថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី រួមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនជាតិមានតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះផងដែរ ខណៈការទទួលបានមេដាយទាំងអស់នេះ គឺ បានធ្វើឲ្យកម្ពុជាកាន់តែមានកិត្តិយស និងកិត្យានុភាពលើឆាកអន្តរជាតិបន្ថែមទៀតតាមរយៈវិស័យកីឡា នេះ៕ អត្ថបទ ៖ បាន ចក់







