
រដ្ឋាភិបាលរដ្ឋ Victoria របស់ប្រទេសអូស្រ្តាលី នៅថ្ងៃចន្ទនេះ បានប្រកាសគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារ ដែលរងផលប៉ះពាល់ដោយព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ នៅក្នុងខែកុម្ភៈនេះ។ សិទ្ធិទទួលបាន សម្រាប់ការទូទាត់ការដាច់ចរន្តអគ្គិសនីរយៈពេលវែង ត្រូវបានពង្រីកដល់ក្រុមគ្រួសារដែលគ្មានអគ្គិសនីប្រើប្រាស់ រយៈពេលប្រាំពីរថ្ងៃជាប់ៗគ្នា ជាផលវិបាកនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ទាំងនៅថ្ងៃទី ១៣ និងថ្ងៃទី ២២ ខែកុម្ភៈ។ យោងតាមរដ្ឋាភិបាលរដ្ឋ បានឲ្យដឹងថា ប្រជាជនរដ្ឋ Victoria ជាង ៥៣០.០០០នាក់ បានជួបប្រទះការដាច់ចរន្តអគ្គិសនី ខណៈខ្យល់បក់ខ្លាំង ព្យុះផ្គររន្ទះ និងគ្រោះមហន្តរាយចំហេះព្រៃ បានកើតឡើងនៅរដ្ឋនេះ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ បណ្តាលឱ្យមានការបំផ្លាញធ្ងន់ធ្ងរដល់បង្គោល និងខ្សែភ្លើង ជាង ១២.000គីឡូម៉ែត្រ។ ទោះបីជា អតិថិជន៩៩ភាគរយ ដែលបានរងផលប៉ះពាល់ទាំងនោះ ត្រូវបានតភ្ជាប់បណ្តាញឡើងវិញហើយក៏ដោយ ក៏តំបន់មួយចំនួន នៅតែដាច់ចរន្តអគ្គិសនីរយៈពេលយូរមួយផ្សេងទៀត ដោយសារតែព្រឹត្តិការណ៍អាកាសធាតុថ្មីកាលពីថ្ងៃទី ២២ ខែកុម្ភៈ នៅពេលដែលស្ថានភាពក្តៅស្ងួត និងមានខ្យល់បក់ខ្លាំង បានកើតឡើងម្តងទៀត នៅរដ្ឋ Victoria ។
រដ្ឋមន្ត្រីថាមពល រដ្ឋ Victoria បាននិយាយថា ព្យុះទាំងនេះ បានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីឯកជន នៅទូទាំងផ្នែកជាច្រើនរបស់រដ្ឋ Victoria ហើយយើងកំពុងធ្វើឱ្យប្រាកដថា អ្នកដែលរងផលប៉ះពាល់ពីរលើកនេះ អាចទទួលបានជំនួយដែលពួកគេត្រូវការ។ រដ្ឋដែលមានប្រជាជនច្រើនបំផុតទីពីររបស់ប្រទេសអូស្ត្រាលីមួយនេះ ត្រូវបានគេព្យាករណ៍ថា នឹងប្រឈមមុខការត្រឡប់មកវិញនៃអាកាសធាតុចំហេះព្រៃដ៏គ្រោះថ្នាក់នៅក្នុងសប្តាហ៍នេះ ខណៈអាជ្ញាធរ រដ្ឋ Victoria ទទួលបន្ទុកការគ្រប់គ្រងគ្រាអាសន្ន បានអំពាវនាវឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្ន។