
មនុស្សជាង ១ម៉ឺននាក់ នៅតែស្នាក់នៅក្នុងទីជម្រក រយៈពេល៨សប្តាហ៍បន្ទាប់ពីការរញ្ជួយដីដ៏មានឥទ្ធិពល នៅថ្ងៃចូលឆ្នាំសកល ដែលបានវាយប្រហារឧបទ្វីប Noto ភាគកណ្តាលប្រទេសជប៉ុន។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ តួលេខលំនៅឋាននៅក្នុងខេត្ត Ishikawa ដែលរងការបំផ្លាញ ដោយសារការរញ្ជួយដី បានកើនឡើងដល់ ៧៥.៦៦១ខ្នង។
កិច្ចខិតខំប្រឹងប្រែងកំពុងធ្វើឡើង ដើម្បីរើយកចេញកម្ទេចកម្ទី ស្តារការផ្គត់ផ្គង់ទឹកឡើងវិញ និងសាងសង់លំនៅឋានបណ្តោះអាសន្ននៅក្នុងខេត្តដែលរងគ្រោះរញ្ជួយដី។ ប៉ុន្តែលំនៅឋាន និងអាជីវកម្មប្រហែល ២១.៨៨០កន្លែង ភាគច្រើននៅក្នុងឧបទ្ធីប Noto នៅតែគ្មានទឹកម៉ាស៊ីនប្រើប្រាស់។ បញ្ហាប្រឈមសំខាន់មួយ គឺរបៀបបន្តផ្តល់ការគាំទ្រដល់ប្រជាជនជម្លៀសខ្លួន។
កាលពីថ្ងៃអាទិត្យ ក្រុមនិស្សិតស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យមួយ បានទៅដល់ទីជម្រកមួយកន្លែងក្នុងទីក្រុង Suzu។ ក្រុមនិស្សិត បានបង្កើតកន្លែងងូតទឹកសម្រាប់អ្នកជម្លៀសខ្លួន និងចំណាយពេលវេលានៅជាមួយពួកគេ។ អ្នកជម្លៀសខ្លួនម្នាក់ បាននិយាយថា ការមកសួរសុខទុក្ខរបស់និស្សិត បានធ្វើឱ្យនាងសប្បាយចិត្ត និងផ្តល់កម្លាំងដល់នាង។ ទីជម្រកមួយកន្លែង នៅក្នុងទីក្រុង Wajima បាននិងកំពុងរៀបចំអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច សម្រាប់អ្នកជម្លៀសខ្លួនចំនួន ១៤០នាក់ជារៀងរាល់ថ្ងៃ។ ទីជម្រក កំពុងពឹងផ្អែកលើការគាំទ្រពីភោជនីយដ្ឋាន និងអង្គការនានា នៅខេត្ត Ishikawa និងតំបន់ផ្សេងៗទៀត។ ពលរដ្ឋម្នាក់ បានអរគុណ ដោយនិយាយថា អាហារក្តៅៗ ធ្វើឲ្យមានអារម្មណ៍កក់ក្តៅ។ ប៉ុន្តែទីជម្រក នឹងទទួលការផ្តល់ជំនួយកាន់តែតិចជាងមុន ចាប់ពីខែក្រោយតទៅ។
ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី ត្រូវទទួលបន្ទុកកាន់តែច្រើនដោយខ្លួនឯង ហើយចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុង Wajima នឹងផ្តល់តែការផ្គត់ផ្គង់ជំនួយដល់ទីជម្រកដែលត្រូវបានកំណត់ប៉ុណ្ណោះ ដោយសារតែការកាត់បន្ថយចំនួនមន្ត្រី ដែលពិនិត្យប្រតិបត្តិការនេះ។