
នគរបាលអូស្ត្រាលី បាននិងកំពុងរុករកគេហដ្ឋាននៅតំបន់ស្រយាលមួយកន្លែង ដើម្បីតាមរកសពរបស់ពិធីករទូរទស្សន៍ និងមិត្តប្រុសរបស់ខ្លួន បន្ទាប់ពីមានការសង្ស័យថា ការស្លាប់នោះជាអំពើឃាតកម្ម កាលពីសប្តាហ៍មុន។
ភ្នាក់ងារស៊ើបអង្កេតបានលើកឡើងថា លោក Jesse Baird និងលោក Luke Davies ត្រូវបានសម្លាប់ដោយមន្ត្រីនគរបាលបម្រើការនៅគេហដ្ឋានមួយ ក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃចន្ទសប្ដាហ៍មុន។ នាយនគរបាលលោក Beaumont Lamarre-Condon ដែលធ្លាប់មានស្នេហាជាមួយលោក Baird ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតចំនួន ២ករណី។ លោកមិនបានធ្វើអត្ថាធិប្បាយ ជុំវិញការចោទប្រកាន់នេះទេ។ អ្នកមុជទឹកនគរបាល កំពុងរុករកត្រពាំងទឹកមួយ ដែលមានចម្ងាយប្រហែល ១៨៥គីឡូម៉ែត្រពីទីក្រុងស៊ីដនី។
ភ្នាក់ងារស៊ើបអង្កេតប្រាប់ថា លោក Lamarre-Condon វ័យ ២៨ឆ្នាំ ប្រហែលជាបានទុកសពអ្នកទាំង២ នៅបរិវេណផ្ទះដាច់ស្រយាល ក្នុងទីក្រុង Bungonia បន្ទាប់ពីបានដឹកសពពួកគេតាមរថយន្តឈ្នួលពណ៌សពីកន្លែងឃាតកម្មនៅក្នុងគេហដ្ឋានរបស់លោក Baird។
នគរបាលរដ្ឋ New South Wales បាននិយាយនៅមុននេះថា គ្រាប់កាំភ្លើង ១គ្រាប់ដែលត្រូវគ្នានឹងកាំភ្លើងសម្រាប់បំពេញការងាររបស់លោក Lamarre-Condon ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់លោក Baird រួមជាមួយនឹងឈាម «ដ៏ច្រើន»។ ជនសង្ស័យត្រូវបានចោទប្រកាន់ បន្ទាប់ពីត្រូវបាននាំខ្លួនទៅកាន់ស្ថានីយនគរបាលក្រុងស៊ីដនី កាលពីថ្ងៃសុក្រ៕