
នាយករដ្ឋមន្ត្រីដែនដីប៉ាឡេស្ទីន លោក Mohammad Shtayyeh បាននិយាយនៅថ្ងៃចន្ទនេះថា លោកនឹងលាលែងពីតំណែង ដើម្បីអនុញ្ញាតឱ្យមានការបង្កើតការស្របមតិគ្នាជាឯកច្ឆ័នដ៏ទូលំទូលាយមួយ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន អំពីការរៀបចំនយោបាយ បន្ទាប់ពីសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងក្រុមឥស្លាមនិយមហាម៉ាស នៅតំបន់ហ្កាហ្សា។ ចំណាត់ការនេះ ធ្វើឡើងឡើងក្នុងពេលមានសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក លើប្រធានាធិបតី លោក Mahmoud Abbas ធ្វើឱ្យរង្គោះរង្គើអាជ្ញាធរប៉ាឡេស្ទីន ខណៈមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិកាន់តែខ្លាំង ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងចាប់ផ្តើមធ្វើការលើរចនាសម្ព័ន្ធនយោបាយដើម្បីគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា បន្ទាប់ពីសង្គ្រាម។ការលាលែងពីតំណែងរបស់លោក នៅតែត្រូវទទួលយកដោយ លោក Abbas ដែលអាចសុំឱ្យលោកនៅបន្តជារដ្ឋាភិបាលចាំផ្ទះ រហូតដល់អ្នកជំនួសអចិន្ត្រៃយ៍ ត្រូវបានតែងតាំង។