
មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ និងមនុស្សប្រហែល ៨នាក់ផ្សេងទៀត បានរងរបួស ក្រោយឧបទ្ទេវហេតុផ្ទុះក្នុងរោងចក្រផលិតផាវនៅរដ្ឋភាគខាងជើង Uttar Pradesh ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ជាហេតុបង្កឲ្យមានអគ្គិភ័យកើតឡើង ។
រថយន្តពន្លត់អគ្គិភ័យ និងរថយន្តគិលានសង្រ្គោះ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ពេលដែលផ្សែងហុយចេញពីគំនរបាក់បែកអគាររោងចក្រនៅស្រុក Kaushambi ។
ក្រុមនគរបាល និយាយថា អ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ហើយប្រតិបត្តិការជួយសង្រ្គោះ បានធ្វើឡើង ដើម្បីស្វែងរកអ្នករស់រានបន្ថែមទៀត ។
លោក Bhanu Bhaskarគឺជាស្នងការនគរបាលព្រហ្មទណ្ឌក្រុង Prayagraj និយាយថា ព័ត៌មានដែលពួកយើងទទួលបានមកទល់នឹងពេលនេះ មានមនុស្ស ៤នាក់ បានស្លាប់ និងមនុស្ស ៨នាក់ផ្សេងទៀត រងរបួស ។
លោកបន្តថា អ្នករងរបួស ទទួលបានការព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងៗគ្នា ហើយភាគរយនៃការរលាករបស់ជនរងគ្រោះមួយចំនួន មានកម្រិតខ្ពស់ ហើយពួកយើងកំពុងព្យាយាមសង្រ្គោះអាយុជីវិតរបស់អ្នករងរបួស ។
សូមបញ្ជាក់ថា ឧបទ្ទេវហេតុឧស្សាហកម្មស្លាប់មនុស្ស បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ហើយតែងតែដាក់ការស្តីបន្ទោសលើពលរដ្ឋមិនគោរពបទដ្ឋានសុវត្ថិភាព ក៏ដូចជាការអង្កេតដ៏ធូររលុងពីក្រុមមន្រ្តីរដ្ឋាភិបាល ៕