នៅថ្ងៃចន្ទនេះ ក្រុមប្រជាកសិករបែលហ្ស៊ិកនាំគ្នាដុតសំបកកង់រថយន្តនៅតាមផ្លូវក្នុងទីក្រុងព្រុចសែល ដើម្បីតវ៉ាប្រឆាំងនឹងការប្រកួតប្រជែងពីការនាំចូលស្បៀងអាហារថោកៗ និងច្បាប់បរិស្ថានហួសហេតុ ។
ក្រុមនគរបាលបង្រ្កាបកុបកម្ម ត្រូវបានគេមើលឃើញប្រឈមដាក់គ្នាជាមួយក្រុមបាតុករនៅតាមផ្លូវ ជាកន្លែងដែលពួកគេបាញ់កាណុងទឹក ដើម្បីពន្លត់អណ្តាតភ្លើង ។
គួរឲ្យដឹងថា បាតុកម្មបានធ្វើឡើងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយនៅតាមបណ្តាប្រទេសជាច្រើននៅអឺរ៉ុប រួមទាំងនៅប្រទេសបែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ហូឡង់ ប៉ូឡូញ អេស្ប៉ាញ អ៊ីតាលី និងប្រទេសក្រិក ស្របពេលដែលក្រុមប្រជាកសិករ អំពាវនាវឲ្យមានប្រាក់ចំណូលល្អប្រសើរជាងនេះ និងកុំឲ្យមានច្បាប់ទម្លាប់ច្រើន ក៏ដូចជាតវ៉ានឹងការប្រកួតប្រជែងមិនយុត្តិធម៌លើទំនិញថោកៗពីអ៊ុយក្រែន ។
កាលពីឆ្នាំ ២០២២កន្លងទៅ សហភាពអឺរ៉ុប បានលើកលែងពន្ធលើការនាំចូលស្បៀងអាហារអ៊ុយក្រែន ដើម្បីគាំទ្រសេដ្ឋកិច្ចប្រទេសមួយនេះ បន្ទាប់ពីការវាយលុករបស់រុស្ស៊ី ៕