
យោធាអ៊ីស្រាអែល និយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ពួកគេ បានសម្លាប់ក្រុមខ្មាំកាំភ្លើងប៉ាឡេស្ទីនជាង ៣០នាក់ នៅសង្កាត់ Zeitoun ស្ថិតក្នុងតំបន់ហ្កាហ្សាស្រ្ទីប ក្នុងនោះក្រុមខ្មាន់កាំភ្លើងជាង ១០នាក់នៅតំបន់ភាគកណ្តាលហ្កាហ្សា និងក្រុមខ្មាន់កាំភ្លើងផ្សេងទៀត នៅទីក្រុងភាគខាងត្បូង Khan Younis ។
ទីក្រុងហ្កាហ្សា ត្រូវបានគ្រប់គ្រងដោយកងកម្លាំងអ៊ីស្រាអែល នៅដំណាក់កាលដំបូងនៃសង្រ្គាមរបស់ពួកគេ ហើយនិងបានមើលឃើញការវាយប្រហារថ្មីៗរបស់ពួកគេលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ ។
ទូរទស្សន៍អ៊ីស្រាអែល និយាយថា សង្កាត់ដែលធ្លាប់គ្រប់គ្រងទាំងស្រុងដោយអ៊ីស្រាអែលមួយនេះ អាចជាទីតាំងធ្វើតេស្តមួយសម្រាប់ការគ្រប់គ្រងក្រោយសង្រ្គាមនៅតំបន់ហ្គាហ្សា ។
ខណៈពេលនោះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក នៅក្នុងសន្និសីទមួយកាលពីល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដើម្បីពិភាក្សាលើបទឈប់បាញ់នៅតំបន់ហ្កាហ្សាជាលើកទី ២ ។
ដោយឡែក ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានប្រាប់ទូរទ្សន៍ CNN ថា ក្រុមអ្នកចរចាសម្រាប់សហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងអ៊ីស្រាអែល បានឈានដល់ការយោគយល់គ្នា លើទម្រង់ការជាមូលដ្ឋាននៃកិច្ចព្រមព្រៀងចំណាប់ថ្នូរ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងប៉ារីស ប្រទេសបារាំង ៕