
ប្រទេសចិន បានរិះគន់ការដាក់ទណ្ឌកម្ម «មិនរើសអើង»ប្រឆាំងនឹក្រុមហ៊ុនចិនមួយចំនួន និងបានផ្តោតលើអង្គការណាតូ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែន ឈានចូលដល់ឆ្នាំទី៣របស់ខ្លួនហើយនោះ។
លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងប៉េកាំង«ប្រឆាំងដាច់ខាត» ចំពោះ«ទណ្ឌកម្មខុសច្បាប់» ដែលដាក់លើក្រុមហ៊ុនចិនដោយសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប «ដោយប្រើប្រាស់បញ្ហាអ៊ុយក្រែនជាលេស»។
លោក Zhang បានថ្លែងថា ស្ថានភាពដែលអឺរ៉ុប កំពុងប្រឈមមុខសព្វថ្ងៃនេះ គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការពង្រីកទៅទិសខាងកើតរបស់អង្គការណាតូ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ហើយដោយមិននិយាយសំដៅឈ្មោះ អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក ( Jens Stoltenberg) ដោយផ្ទាល់ទេ។
លោកក៏បានបញ្ជាក់ដែរថា ប្រទេសចិន ចង់ដើរតួនាទីស្ថាបនា និងកំពុងធ្វើការឆ្ពោះទៅរកដំណោះស្រាយ នយោបាយមួយ។
លោក Zhang បាននិយាយនៅក្នុងការរិះគន់ចំៗបំផុតរបស់ខ្លួនចំពោះសម្ព័ន្ធភាពនេះថា៖«យើងលើកទឹកចិត្តដល់អង្គការណាតូឲ្យធ្វើការថ្លឹងថ្លែងឲ្យបានច្បាស់លាស់ ដើម្បីចេញឲ្យផុតថ្នត់គំនិតនៃសង្រ្គាមត្រជាក់ ហើយជៀសវាងពីការធ្វើជាភ្នាក់ងារបង្កបញ្ហាដែលជំរុញឲ្យមានការប្រឈមមុខដាក់គ្នាក្នុងប្លុកនេះ»។