ភ្នំពេញ ៖ វិទ្យាល័យសម្ដេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ជាវិទ្យាល័យរដ្ឋមួយ មានភាពជោគជ័យខ្លាំងលើលទ្ធផលសិស្សក្នុងការប្រឡងបាក់ឌុប ដែលសិស្សប្រឡងជាប់ទាំងអស់ គ្មានសិស្សណាម្នាក់ធ្លាក់នោះទេ សម្រាប់ការប្រឡងបាក់ឌុប៤លើកកន្លងទៅនេះ។
វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ជាវិទ្យាល័យរដ្ឋគំរូមួយ ក្នុងការបណ្ដុះបណ្ដាលធនមនុស្ស។ វិទ្យាល័យនេះ មានមូលដ្ឋាននៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាវិទ្យាល័យបង្កើតថ្មី មានទីធ្លាតូច ពុំមានបន្ទប់សិក្សា និងពុំមានគ្រូបង្រៀនគ្រប់គ្រាន់នោះទេ តែសាលាមានលទ្ធភាពធ្វើឱ្យសិស្សរបស់ខ្លួនប្រឡងបាក់ឌុប ជាប់ទាំងអស់ គ្មានសិស្សណាម្នាក់ធ្លាក់នោះទេ។
វិទ្យាល័យនេះ មានសិស្សថ្នាក់ទី ១២ប្រឡងបាក់ឌុបដំបូងក្នុងឆ្នាំ ២០១៧ ដោយលទ្ធផលគឺជាប់បាក់ឌុបទាំងអស់។ ក្រោយមកទៀតក្នុងការប្រឡងបាក់ឌុបនៅឆ្នាំ ២០១៨ មានសិស្សធ្លាក់បាក់ឌុបមួយនាក់ ឆ្នាំ ២០១៩ ជាប់ទាំងអស់ ឆ្នាំ ២០២១ជាប់ទាំងអស់ ឆ្នាំ ២០២២ជាប់ទាំងអស់ និងមាននិទ្ទេស A ២នាក់ រីឯការប្រឡងបាក់ឌុបឆ្នាំ ២០២៣ដែលទើបកន្លងទៅនេះ មានសិស្សធ្លាក់បាក់ឌុបមួយនាក់ និងមានសិស្សជាប់និទ្ទេស A ចំនួនរហូតដល់ ៦នាក់។
លោក សឿង រដ្ឋា ជានាយកសាលាលើកឡើងថា ជោគជ័យដែលសាលាសម្រេចបាននេះ គឺទទួលបានពីការប្រឹងប្រែងរបស់គ្រប់ភាគីទាំងអស់ ទាំងគណៈគ្រប់គ្រងសាលា គ្រូបង្រៀន សិស្ស អាណាព្យាបាល និងអាជ្ញាធរផងដែរ។ ជាក់ស្ដែងសាលាតម្រូវឱ្យសិស្សរៀន ៨ម៉ោងពេញ គ្មានគោលការណ៍បង្រៀនគួរជាដាច់ខាត។
សម្រាប់សិស្សដែលបច្ចុប្បន្នកំពុងសិក្សាថ្នាក់ទី ១២ នៅវិទ្យាល័យមួយនេះ ក៏បានបង្ហាញក្ដីមោទនភាព ដែលសាលាសម្រេចបានជោគជ័យជាច្រើន ក្នុងការប្រឡងបាក់ឌុបកន្លងទៅផងដែរ។ ពួកគេបច្ចុប្បន្នសិក្សាពេញទាំងពីរវេន និងមានកិច្ចការផ្ទះធ្វើជាប្រចាំ។ ជាសិស្សថ្នាក់ទី ១២ ពួកគេប្ដេជ្ញាបប្រឹងប្រែងប្រឡងយកនិទ្ទេសល្អ ជាពិសេសគឺរក្សាប្រវត្តិសាស្ត្ររបស់សាលា ក្នុងការប្រឡងបាក់ឌុបជាប់ ១០០ភាគរយ។
សាលាវិទ្យាល័យមួយនេះ បច្ចុប្បន្នក៏បានក្លាយជាបេក្ខភាពមួយ ក្នុងចំណោមសាលាបេក្ខភាពទាំង ៨ ដែក្រសួងអប់រំ យុវជន និងកីឡា ចង់ឱ្យប្រែក្លាយទៅជាសាលារៀនជំនាន់ថ្មីផងដែរ។ ជាក់ស្ដែងកាលពីសប្ដាហ៍មុន មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ និងមន្ត្រីជំនាញរបស់ក្រសួង ក៏បានចុះទៅសិក្សាស្វែងយល់បន្ថែមដល់ទីតាំងសាលាដោយផ្ទាល់ផងដែរ៕
អត្ថបទ៖ គឹមហុក










