
យោធាអ៊ីស្រាអែល បានដាក់ផែនការមួយទៅកាន់គណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គ្រាមសម្រាប់ «ការជម្លៀសប្រជាជន»នៃតំបន់ហ្កាហ្សាចេញពីតំបន់ដែលមានការប្រយុទ្ធគ្នា ចំពេលមានការព្រមានថា ការវាយលុកលើទីក្រុងរ៉ាហ្វាភាគខាងត្បូង នឹងកើតឡើង ក្នុងពេលឆាប់ៗនេះ។
កាលពីដើមខែនេះ ការិយាល័យលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកបានដឹកនាំកងកម្លាំងការពារអ៊ីស្រាអែល (IDF) ឲ្យរៀបចំផែនការសម្រាប់ការជម្លៀសជនស៊ីវិលចេញពីទីក្រុងរ៉ាហ្វា ជាទីដែលមនុស្សជាងមួយលាននាក់ ត្រូវបានប្រមូលផ្តុំ។
ការិយាល័យនេះ បាននិយាយទៀតថា៖«ផែនការប្រតិបត្តិការនាពេលខាងមុខ» ត្រូវបានដាក់ស្នើសម្រាប់ការអនុម័តនៅថ្ងៃចន្ទនេះ ទោះបីជាសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទរបស់ខ្លួន មិនបានលើកឡើងពីទីក្រុងរ៉ាហ្វាក៏ដោយ។ សារព័ត៌មាន CNN មិនបានឃើញច្បាប់ចម្លងនៃផែនការនោះទេ។
ការភ័យខ្លាច កំពុងកើនឡើងនៅក្នុងតំបន់ហ្កាហ្សា និងនៅទូទាំងសហគមន៍អន្តរជាតិ ជុំវិញការវាយលុកដែលបានគ្រោងទុករបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) លើទីក្រុងរ៉ាហ្វាដែលស្ថិតនៅជាប់ព្រំដែនដែលត្រូវបានបិទជាមួយអេហ្ស៊ីប។
ទីក្រុងនេះ បានក្លាយជាទីជម្រកដល់ជនភៀសខ្លួនប៉ាឡេស្ទីនភាគច្រើន ខណៈដែលយោធាអ៊ីស្រាអែលបានរុលទៅភាគខាងត្បូងតាមដែនដីនេះ ប៉ុន្តែជនស៊ីវិលទាំងនោះ ហាក់ដូចជាគ្មានកន្លែងសម្រាប់រត់គេចខ្លួនទៀតទេ។