
ប្រទេសដាណឺម៉ាក បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានទម្លាក់ការស៊ើបអង្កេតរបស់ខ្លួនលើករណីបំផ្ទុះ បំពង់បង្ហូរឧស្ម័ន Nord Stream នៅក្នុងឆ្នាំ២០២២ ដែលបង្ហូរឧស្ម័នពីរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយក្លាយជាប្រទេសទីពីរដែលធ្វើដូច្នេះ បន្ទាប់ពីប្រទេសស៊ុយអែតដែលជាអ្នកជិតខាង បានបិទការស៊ើបអង្កេតរបស់ខ្លួន។
បំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 ដែលមានតម្លៃរាប់ពាន់លានដុល្លារ ត្រូវបានបំផ្លាញដោយការផ្ទុះជាបន្តបន្ទាប់ នៅក្នុងតំបន់សេដ្ឋកិច្ចស៊ុយអែត និងដាណឺម៉ាក ក្នុងខែកញ្ញា ឆ្នាំ ២០២២ ដោយបានបញ្ចេញឧស្ម័នមេតានយ៉ាងច្រើន ទៅក្នុងអាកាស។
សេចក្តីថ្លែងការណ៍របស់នគរបាលទីក្រុង Copenhagen បាននិយាយថា៖«ការស៊ើបអង្កេត បាននាំឲ្យអាជ្ញាធរ សន្និដ្ឋានថា មានការបំផ្លិចបំផ្លាញដោយចេតនានៃបំពង់បង្ហូរឧស្ម័ន។ ទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃ គឺថា មិនមានហេតុផលគ្រប់គ្រាន់ ដើម្បីបន្តសំណុំរឿងព្រហ្មទណ្ឌ នៅក្នុងប្រទេសដាណឺម៉ាកទេ»។
ប្រទេសរុស្ស៊ី និងលោកខាងលិច ដែលមានការខ្វែងគំនិតជុំវិញការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការផ្ទុះបំពង់បង្ហូរប្រេងនេះ។ ម្នាក់ៗ បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ហើយគ្មានអ្នកណាទទួលខុសត្រូវទេ។