
នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី នឹងផ្តល់សច្ចាប័នលើការសុំចូលជាសមាជិកអង្គការណាតូ (NATO) របស់ប្រទេសស៊ុយអែត នៅថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) នេះ ដោយនាយករដ្ឋមន្ត្រី លោក Viktor Orban បានប្រាប់ទៅសមាជិកសភានៅក្នុងសុន្ទរកថាបើកសម័យប្រជុំនិទាឃរដូវរបស់សភា នៅមុនការបោះឆ្នោតស្តីពីសមាជិកភាពរបស់ស៊ុយអែត នាល្ងាចថ្ងៃដដែលនោះ។
ហុងគ្រីនឹងក្លាយជាសមាជិកចុងក្រោយ ក្នុងចំណោមប្រទេសសមាជិកទាំង៣១ នៃសម្ព័ន្ធភាពនេះ ដែលផ្តល់សច្ចាប័នលើសមាជិកភាពរបស់ប្រទេសស៊ុយអែត បន្ទាប់ពីមានការអូសទាញជាច្រើនខែដោយគណបក្សកាន់អំណាច គឺគណបក្ស Fidesz លើបញ្ហាស្នើសុំនេះ។
គួរបញ្ជាក់ថា ប្រទេសស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការណាតូ កាលពីជិត ២ឆ្នាំមុន ពោលគឺជាផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ នៅក្នុងគោលនយោបាយរបស់ខ្លួន ដោយការសម្រេចនេះ ត្រូវបានជំរុញដោយការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន៕