ហែលទឹក៖ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ឃឿន ប៊ុនពេជ្រមរកត បានសម្ដែងអារម្មណ៍រំភើបរីករាយក្រៃលែង បន្ទាប់ពីត្រូវបានសហព័ន្ធខ្មែរកីឡាហែលទឹកជ្រើសរើសខ្លួន ចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ នៅប្រទេសជប៉ុននាចុងខែកក្កដាខាងមុខ ហើយប្ដេជ្ញាថា ទោះបីក្នុងលក្ខណ្ឌណាក៏ដោយនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីជាតិ និងខ្លួនឯង។
កីឡាការិនីវ័យក្មេង ១៥ឆ្នាំរូបនេះបានលើកឡើងថា ខ្លួនមិននឹកស្មានបានចូលរួមព្រឹត្តិការណ៍ដ៏ធំនេះឡើយ។ ដូច្នេះក្នុងនាមកីឡាការិនីតំណាងជាតិ កញ្ញានឹងខំប្រឹងប្រកួតប្រជែង និងបង្កើតនូវសិទ្ធផលថ្មីនៅក្នុងការប្រកួតកីឡាអូឡាំពិក-ទីក្រុងតូក្យ ដើម្បីជាបទពិសោធមួយទៀតត្រៀមឆ្ពោះទៅរកការប្រកួតអន្ដរជាតិនានា និងស្វែងរកមេដាយជូនជាតិដូចជាការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម ពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់តែម្ដង។
គួរដឹងថា ដំបូងឡើយបេក្ខភាពកីឡាការិនីហែលទឹកកម្ពុជា ដែលត្រូវចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ គឺកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ម៉ីលី តានមីននិក។ ប៉ុន្ដែដោយមានការស្នើឲ្យផ្លាស់ប្ដូរពីសហព័ន្ធកីឡាហែលទឹកអន្ដរជាតិ ស្របតាមលក្ខខណ្ឌចូលរួម សហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានសម្រេចធ្វើការផ្លាស់ប្ដូរភ្លាមៗដោយជ្រើសរើសកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ចូលរួមជំនួសកញ្ញា ម៉ីលី វិញ។ ដូច្នេះ ប៊ុនពេជ្រមរកត នឹងត្រូវចូលរួមព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះជាមួយកីឡាករ ហែម ប៊ុច លើវិញ្ញាសាហែល ៥០ម៉ែត្រស៊េរីដូចគ្នានាពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ លី ឈុនឡា