សភានៃប្រទេសហុងគ្រី បានអនុម័តការចូលជាសមាជិកអង្គការណាតូ របស់ប្រទេសស៊ុយអែត កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) ដោយបានជម្រះឧបសគ្គចុងក្រោយ មុនពេលជំហានប្រវត្តិសាស្ត្រដោយប្រទេសអឺរ៉ុបខាងជើងមួយនេះ ដែលបានរក្សាអព្យាក្រឹតភាពឆ្លងកាត់សង្គ្រាមលោកលើកទី២ និងជម្លោះដ៏ក្ដៅគគុកនៃសង្គ្រាមត្រជាក់។

ការបោះឆ្នោតរបស់ប្រទេសហុងគ្រីនេះ បានបញ្ចប់ការពន្យារពេលជាច្រើនខែក្នុងការផ្លាស់ប្តូរគោលនយោបាយសន្តិសុខរបស់ប្រទេសស៊ុយអែត ហើយបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក អឺហ្វ គ្រីសស្ទើសុន (Ulf Kristersson) កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធ។

លោក គ្រីសស្ទើសុន បានប្រាប់សន្និសីទសារព័ត៌មានថា «យើងកំពុងចូលរួមជាមួយអង្គការណាតូ ដើម្បីការពារនូវអ្វីដែលយើងមាន ហើយយើងកំពុងការពារសេរីភាព លទ្ធិប្រជាធិបតេយ្យ និងតម្លៃរបស់យើង រួមជាមួយនឹងអ្នកដទៃទៀត»។

ការចូលជាសមាជិកនៃប្រទេសស៊ុយអែត ដែលមិនមានសង្រ្គាមតាំងពីឆ្នាំ១៨១៤មក រួមជាមួយនឹងប្រទេសហ្វាំងឡង់ គឺជាការពង្រីកដ៏សំខាន់បំផុតនៃសម្ព័ន្ធយោធានេះចាប់តាំងពីណាតូ ទទួលយកសមាជិកមកពីអឺរ៉ុបខាងកើត បន្ទាប់ពីសហភាពសូវៀតដួលរលំនៅឆ្នាំ ១៩៩១ មក៕