ការចេញផ្សាយពីការិយាល័យលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឱ្យដឹងកាលពីព្រឹកថ្ងៃចន្ទ (២៦ កុម្ភៈ) ថាកងទ័ពអ៊ីស្រាអែល បានបង្ហាញគណៈរដ្ឋមន្ត្រីសង្គ្រាមជាមួយនឹងផែនការវាយប្រហារ និងផែនការជម្លៀសជនស៊ីវិលនៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងតំបន់ហ្កាហ្សា។

ការប្រកាសនេះបានធ្វើឡើង ស្របពេលមានការអំពាវនាវពីអន្តរជាតិជំរុញអ៊ីស្រាអែល មិនឱ្យបើកប្រតិបត្តិការជើងគោកនៅក្រុងរ៉ាហ្វា ជាទីដែលមនុស្សជាងមួយលាននាក់កំពុងស្វែងរកទីជម្រកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅកន្លែងផ្សេងទៀត។

ការិយាល័យនេះបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីបានអនុម័តផែនការបញ្ជូនរថយន្តដឹកស្បៀងអាហារដោយផ្ទាល់ចូលទៅកាន់ភាគខាងជើងហ្កាហ្សា ក្នុងគោលបំណងការពាររថយន្តដឹកទំនិញពីការលួចដោយជនស៊ីវិល។

បច្ចុប្បន្ននេះ រថយន្តជំនួយមនុស្សធម៌ ចូលទៅកាន់តំបន់ហ្កាហ្សា តាមរយៈច្រកឆ្លងកាត់ចំនួនពីរ ដែលមានទីតាំងនៅតំបន់ភាគខាងត្បូង ហើយជួបប្រទះការលំបាកក្នុងការទៅដល់ភាគខាងជើង ដោយសារតែជនស៊ីវិលដែលកំពុងស្រេកឃ្លាន បានសម្រុកចូលរថយន្តដឹកទំនិញលួចយកអាហារ។
យ៉ាងហោចណាស់មានគ្រួសារមួយក្នុងចំណោម ៤ គ្រួសារនៅតំបន់ហ្កាហ្សាស្ទ្រីប ឬស្មើនឹងមនុស្សជាងកន្លះលាននាក់ កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយនៃកម្រិតអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ ដែលជាកម្រិតព្រមានខ្ពស់បំផុត៕