មានការប្រជ្រៀតជាន់គ្នាដ៏គ្រោះថ្នាក់មួយនៅខាងក្រៅការិយាល័យលិខិតឆ្លងដែន ដែលបានឆក់យកជីវិតមនុស្សពីរនាក់ និងការឈរតម្រង់ជួរគ្នាមិនដាច់នៅខាងក្រៅស្ថានទូត ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួននៃអ្វីដែលកំពុងកើតឡើងនៅក្នុងសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីការប្រកាសពីការចូលបម្រើយោធាជាកាតព្វកិច្ច។ ពួកគេជាច្រើន កំពុងស្វែងរកការចាកចេញពីប្រទេសនេះ ដើម្បីគេចចេញពីការបង្ខំឲ្យចូលបម្រើកងទ័ព។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងប្រឈមការក្រោកប្រឆាំងកាន់តែខ្លាំងឡើង ចំពោះរបបគ្រប់គ្រងរបស់ខ្លួន ហើយបានបាត់បង់ដែនដីដ៏ធំរបស់ប្រទេសនេះ ធ្លាក់ទៅឱ្យក្រុមតស៊ូប្រដាប់អាវុធ។

កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ យោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ ដោយចាប់ក្រុមមេដឹកនាំជាប់ឆ្នោត រួមទាំងលោកស្រី អ៊ុង សានស៊ូជី ឃុំឃាំងរហូតមកដល់បច្ចុប្បន្ន និងធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏បង្ហូរឈាមដែលនៅតែបន្តកើតមានដល់សព្វថ្ងៃនេះ។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ហើយអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្សប្រហែល២,៦លាននាក់ ត្រូវបានរត់ភៀសខ្លួនចេញពីទីលំនៅ។

យុវជនមីយ៉ាន់ម៉ា ដែលភាគច្រើនបានដើរតួនាទីដឹកនាំការតវ៉ា និងប្រឆាំងរបបយោធា ឥឡូវនេះត្រូវបានគេប្រាប់ថាពួកគេនឹងត្រូវប្រយុទ្ធដើម្បីរបបនេះ។មនុស្សជាច្រើនជឿថានេះដោយសារ របបសឹកជួបវិបត្តិក្នុងការប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធប្រឆាំងនៅតាមព្រំដែនក្នុងពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលក្រុមប្រឆាំងរដ្ឋាភិបាល បានរួបរួមដៃគ្នាកម្ទេចរបបនេះនៅក្នុងតំបន់សំខាន់ៗមួយចំនួន។លោក Robert សកម្មជន វ័យ ២៤ឆ្នាំ បានប្រាប់សារព័ត៌មាន BBC ថា នេះជារឿងមិនសមហេតុសមផលទាល់តែសោះ ដែលត្រូវតែបម្រើក្នុងជួរកងទ័ពនៅពេលនេះ ព្រោះយើងមិនមែនប្រយុទ្ធជាមួយបរទេសឈ្លានពានឯណា គឺយើងកំពុងប្រយុទ្ធគ្នាជាមួយជនជាតិមីយ៉ាន់ម៉ាគ្នាឯងទេតើ ។ ប្រសិនបើយើងចូលបម្រើទ័ព ប្រៀបយើងជួយរបបយោធាក្នុងការប្រព្រឹត្តអំពើឃោរឃៅ៕