សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានថ្លែងថាការរីកចម្រើននៃទីក្រុង នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ហើយរាជរដ្ឋាភិបាលអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តលើកកម្ពស់ទីប្រជុំជន ទីក្រុងប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ព្រមទាំងការជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អផងដែរ។

ក្នុងឱកាសអបអរសាទរទិវាទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ក្រោមប្រធានបទ«ទីក្រុងស្អាត ដើម្បីទេសចរណ៍»នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទីក្រុងស្អាតគឺជាការចាំបាច់បំផុត ដែលនឹងធ្វើឲ្យវិស័យទេសចរណ៍កាន់តែរីកចម្រើនបន្ថែម ទៀត «ដោយហេតុថាទីក្រុងគឺជាបណ្តុំសម្រាប់ការរស់នៅ ការសម្រាកលម្ហែ សកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម»។
ចំណែកឯភាពជោគជ័យនៃវិស័យទេសចរណ៍ ក៏នឹងចូលរួមដល់ការអភិវឌ្ឍទីក្រុងផងដែរ តាមរយៈកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគគំរូថ្មី នៃការអភិវឌ្ឍនគរូបនីយកម្ម ការអភិរក្សបេតិកភណ្ឌទីក្រុង ការគិតគូរពីនរន្តរភាព បរិស្ថាន ភាពស្អាត និងបៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធទទ្រង់ចាំ បាច់នានាបម្រើដល់តម្រូវការរបស់ភ្ញៀវទេចរណ៍ជាដើម ដែលទាំងនេះនឹងជួយជំរុញឲ្យទីក្រុងកាន់តែមាន ភាពរស់រវើក មានឧត្តមភាពសម្រាប់ការរស់នៅការប្រកបធុរកិច្ច និងការទស្សនាកម្សាន្ត។ ដោយក្នុងន័យ នេះ ការរៀបចំនគរូបនីយកម្មនិងការអភិវឌ្ឍទីក្រុង ត្រូវមានការយកចិត្តទុកដាក់លើភាពស្អាត និងបៃតង បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់រូបភាព មានការធានាសន្តិសុខសុវត្ថិភាព ទំនើបកម្ម និងនវានុវត្តន៍ ការលើកកម្ពស់សុខុមាលភាពសង្គម ការផ្តល់នូវបដិសណ្ឋារកិច្ចល្អប្រកបដោយភាពរួសរាយ រាក់ទាក់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាដើម។
នៅក្នុងសារលិខិតនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ដោយមើល ឃើញពីការរួមចំណែកយ៉ាងសំខាន់នៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រាជរដ្ឋាភិបាល អាណត្តិទី៧ បានបន្តកំណត់វិស័យទេសចរណ៍ជាវិស័យអាទិភាព នៅក្នុង«យុទ្ធសាស្រ្តបច្ចកោណ-ដំណាក់កាលទី១»។ ក្នុងនោះបច្ចកោណទី២ បានរំលេចពីភាពចាំបាច់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការ បង្កើនភាពប្រកួតប្រជែង ដោយបានបញ្ជាក់ពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា ត្រង់មុំទី១ចំណុចទី៥ គឺ«ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្ម ជាតិដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មី ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយនិងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានាផងដែរ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ដើម្បីឆ្លើយតប នឹងប្រ ធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» ក្នុងនាមរាជរដ្ឋាភិបាលនីតិកាលទី៧នេះ សម្តេចធិបតីក៏ប្រកាស ប្តេជ្ញាបន្តធ្វើតាមគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
យ៉ាងណាក៏ដោយសម្តេចធិបតី ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងជនរួមជាតិទាំងអស់ត្រូវរួមគ្នាបន្តធានាឲ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បងនិងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទី ក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវ សង្គម។ ត្រូវរួមគ្នាធ្វើយុទ្ធនាការ«កម្ពុជាស្អាត» យុទ្ធនាការ«សម្អាតទន្លេ សមុទ្រ»និង ចលនាដើម្បីទីក្រុង ស្អាត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជាឲ្យកាន់តែច្រើនជាបន្តបន្ទាប់បន្ថែមទៀតជាដើម៕ អត្ថបទ បាន ចក់
