អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានប្រាប់ស្ថាប័នចរចារកំពូលស្តីពីការរំសាយអាវុធរបស់ពិភពលោក កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) ថាខ្លួនចាំបាច់ត្រូវធ្វើកំណែទម្រង់ជាបន្ទាន់ ដោយចោទប្រកាន់ថាស្ថាប័ននេះមិនប្រើអំណាចខ្លួន និងបរាជ័យក្នុងការបង្ខំប្រទេសនានាឱ្យកាត់បន្ថយឃ្លាំងអាវុធ។

ថ្លែងទៅកាន់សន្និសិទស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ លោក ហ្គុយតឺរ៉េស បាននិយាយថា ការបរាជ័យរបស់ស្ថាប័នក្នុងការបំពេញអាណត្តិរបស់ខ្លួន បានបង្កើតបរិយាកាសនៃការប្រមាថមើលងាយលើតម្លៃនៃការព្យាយាមឈានដល់កិច្ចព្រមព្រៀងរំសាយអាវុធពហុភាគី។

លោកបានបន្ថែមថា «ភាពគ្មានបានការ និងភាពជាប់គាំងរបស់ស្ថានប័នរំសាយអាវុធ គឺជាអ្វីដែលមិនអាចទទួលយកបានទេ ហើយសន្និសីទនេះត្រូវតែកែទម្រង់ជាបន្ទាន់»។ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះមិនបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងចរចាជាក់លាក់ ឬផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីកំណែទម្រង់បែបណាដែលត្រូវការនោះទេ។
សន្និសីទនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ហើយត្រូវបានត្រួតពិនិត្យដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការរំសាយអាវុធ (UNODA) ហើយស្ថាប័ននេះមានរដ្ឋជាសមាជិកចំនួន ៦៥ រួមទាំងសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី៕