ប្រណាំងកង់៖ កីឡាករប៊ែលហ្ស៊ិក Wout van Aert បន្តប្រជែងឈ្នះដំណាក់កាលទី ១១ នៃការប្រកួតប្រណាំងកង់ Grand Tour, Tour de France ខណៈដែលអ្នកការពារតំណែងជើងឯក Tadej Pogacar នៅតែបន្តនាំមុខគេក្នុងតារាងរួម។

ដំណាក់កាលទី ១១ ដែលមានចម្ងាយផ្លូវ ១៩៨.៩គីឡូម៉ែត្រ ជាដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវភ្នំនោះ កីឡាករដែលជិះឱ្យក្រុម Jumbo-Visma, Wout van Aert បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៥ម៉ោង ១៧នាទី ៤៣វិនាទី តាមពីក្រោយដោយកីឡាករម្ចាស់ផ្ទះបារាំង Kenny Elissonde របស់ក្រុម Trek យឺតជាង ១នាទី ១៤វិនាទី និងលេខ៣ កីឡាករហូឡង់ Bauke Mollema តាមពីក្រោយ ១នាទី ១៤វិនាទីដូចគ្នា។
យ៉ាងណាក្តីក្រោយ ១១ដំណាក់កាលនេះ អ្នកការពារតំណែងជើងឯកកីឡាករស្លូវេនីរបស់ក្រុម UAE Team Emirate, Tadej Pogacar នៅតែបន្តនាំមុខគេដដែលដោយមានវេលាចំណេញពីលើអ្នកកលេខ២ កីឡាករកូឡុំប៊ី Rigoberto Uran យឺតជាង ៥នាទី ១៨វិនាទី និងលេខ៣ កីឡាករដាណឺម៉ាក Jonas Vinegaard យឺតជាង ៥នាទី ៣២វិនាទី។ សំរាប់ដំណាក់កាលទី ១២ ថ្ងៃព្រហស្បតិ៍នេះមានចម្ងាយផ្លូវ ១៥៩.៤គីឡូម៉ែត្រ ជាដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវរាបស្មើ៕
អត្ថបទ៖នាង សុភាវុធ