នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងជាថ្មីម្តង ទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងគ្មានការរាថយនោះឡើយ ចំពោះការបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅកាន់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ(UN) បើទោះបីបច្ចុប្បន្នស្ថានការណ៍នៅក្នុងតំបន់មួយចំនួនកំពុងជួបបញ្ហាអសន្តិសុខក៏ដោយនោះ។

ការលើកឡើងរបស់ប្រមុខកងទ័ពកម្ពុជា ជាថ្មីម្តងទៀតនេះ គឺបានធ្វើឡើងនៅចំពោះមុខលោក Joseph Scheuer អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាក្នុងឱកាសអញ្ជើញចូលរួមពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោឆត្រអង្គការសហប្រជាជាតិនៅលីបង់ និងអាហ្វ្រិកកណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាពក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាព នៅក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសដទៃនៅ លើពិភពលោក ដែលប្រជាជនកំពុងតែរងគ្រោះ រងទុក្ខលំបាកដោយសារសង្រ្គាម។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា«ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែលកម្លាំងរក្សាសន្តិភាពកម្ពុជាឈរជើងបាននិងកំពុងប្រឈមជារៀងរាល់ថ្ងៃ ជាលក្ខណៈប្រពៃណីផង និងមិនប្រពៃណីផង ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ, ការយុទ្ធប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនា នាការវាយប្រហារ ពួនស្ទាក់ ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី ប៉ុន្តែរាជរដ្ឋាភិបាល កម្ពុជានៅតែបន្តបរិច្ចាគកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីរួមវិភាគទាន ដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌ពិភពលោក»។

នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលខិតខំលើកកម្ពស់កិត្តិយសកម្ពុជាដើរតួនាទីឲ្យកាន់តែសកម្មបន្ថែមទៀត ដោយស្មើភាព ស្មើសិទ្ធិជាមួយប្រទេសនានានៅ គ្រប់កិច្ចការក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដែលជាឧត្តមភាពដ៏ចាំបាច់បំផុតដល់កិច្ចអភិវឌ្ឍប្រទេសជាតិ និងបានប្តេជ្ញាចិត្តបញ្ជូនកងរក្សាសន្តិភាពកម្ពុជាក្នុងបេសកកម្ម ជាសេនាធិការសង្កេតការណ៍យោធា និងមេបញ្ជាការជានារីរហូតដល់ ២០ភាគរយ តាមសំណូមពររបស់អង្គការសហប្រជាជាតិ និងបានខិតខំកែ លម្អការងារគ្រប់គ្រង ពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនចំនួនចូលរួមជាស្រ្តីឲ្យស្របទៅនឹងទស្សនៈ យ៉ែនឌ័រ បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ និង កងកម្លាំងមុនៗទៀត ពិតជាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរបស់ពិភពលោកផងដែរ៕ អត្ថបទ៖ បាន ចក់



