ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden សង្ឃឹមថានឹងមានបទឈប់បាញ់ក្នុងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅសប្តាហ៍ក្រោយ។ លោក Biden ក្នុងអំឡុងដំណើរទស្សនកិច្ចនយោបាយ ទៅកាន់ទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ បាននិយាយថា នឹងមានបទឈប់បាញ់នៅថ្ងៃទី ៤ ខែមីនា។

ប្រធានាធិបតី លោក Biden និងអតីតប្រធានាធិបតី លោក Donald Trump នឹងធ្វើដំណើរទៅកាន់ទីក្រុងព្រំដែនរដ្ឋតិចសាស់ នៅថ្ងៃព្រហស្បតិ៍ ដោយបង្កើតនូវទិដ្ឋភាពខុសពីធម្មតា នៃដំណើរទស្សនកិច្ចប្រកួតប្រជែងប្រធានាធិបតីឆ្នាំ ២០២៤ ដែលត្រូវបានគេរំពឹងថា នឹងបន្ទោសគ្នាទៅវិញទៅមកចំពោះភាពចលាចលនៅព្រំដែន។

ការថ្លែងលើកឡើងរបស់ លោក Biden ធ្វើឡើង ខណៈសេតវិមាន បាននិងកំពុងធ្វើការ លើការចរចាបទឈប់បាញ់ ក្នុងពេលមានសម្ពាធកាន់តែខ្លាំងឡើងពីវឌ្ឍនភាព និងសម្ព័ន្ធមិត្តប៉ាឡេស្ទីន។ ប្រព័ន្ធផ្សព្វផ្សាយ NBC News កាលពីមុននេះ បានរាយការណ៍ថា ប្រទេសកាតា កំពុងសម្របសម្រួលកិច្ចចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅសប្តាហ៍នេះ ហើយការចរចាបទឈប់បាញ់ ធ្វើឡើងរវាងមន្ត្រីសហរដ្ឋអាមេរិក អ៊ីស្រាអែល កាតា និងប្រទេសអេហ្ស៊ីប នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថា អ្នកតំណាង បានយល់អំពីអ្វី ជាគោលការណ៍គ្រឹះនៃកិច្ចព្រមព្រៀងចំណាប់ថ្នូរ សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន ថាមានទម្រង់បែបណាហើយ។
លោក Sullivan និយាយថា នឹងត្រូវមានកិច្ចពិភាក្សាដោយប្រយោលធ្វើឡើង ដោយប្រទេសកាតា និងអេហ្ស៊ីប ជាមួយក្រុមហាម៉ាស ព្រោះនៅទីបំផុត ពួកគេនឹងត្រូវព្រមព្រៀងដោះលែងចំណាប់ថ្នូរ។ យោធាអ៊ីស្រាអែល មានផែនការវាយលុកតាមដីគោកនៅទីក្រុង Rafah ជាកន្លែងដែលប្រជាជនប្រមាណ ១,៥ លាននាក់កំពុងរកទីជ្រកកោន។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ប្រសិនបើមានបទឈប់បាញ់បណ្តោះអាសន្ន បន្ទាប់មកអ៊ីស្រាអែលនឹងបន្តប្រយុទ្ធរហូតដល់ចំណាប់ថ្នូរចុងក្រោយត្រឡប់មកវិញអស់។