ភ្នំពេញ ៖ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលនៅសេសសល់ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជំហានបញ្ចប់ នៅក្នុងមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមលោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យស្រុកប្រតិបតិ្តមេគង្គ បានឲ្យដឹងថា មនី្ទរពេទ្យ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហានចុងក្រោយ ជូនប្រជាពលរដ្ឋ មានអាយុពី១៨ឆ្នាំឡើង តាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
ដោយឡែកសម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ ជាថ្ងៃបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី១ តាមកម្មវិធីដែលបានគ្រោងទុក របស់រដ្ឋបាលរាជធានីភ្នំពេញ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមកពីមូលដ្ឋានខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ កំពុងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានបង្ហាញចំណាប់អារម្មណ៍ដោយកី្តសប្បាយរីករាយជាខ្លាំង បានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជំហានចុងក្រោយ ក៏ជាថ្ងៃបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង និងសូមគោរពដឹងគុណ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ខិតខំស្វះសែ្វងរកវ៉ាក់សាំងកូវីដ១៩ មកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩ ផងដែរ។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជំហានបញ្ចប់ សូមអញ្ជើញមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕
អត្ថបទ រដ្ឋា





