អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល ពុំបានអនុវត្តតាមសេចក្តីបង្គាប់របស់តុលាការកំពូលអង្គការសហប្រជាជាតិ ក្នុងការផ្តល់ជំនួយដែលត្រូវការបន្ទាន់ ដល់ប្រជាជនដែលអស់សង្ឃឹម នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបនោះទេ ដែលមានរយៈពេល១ខែ បន្ទាប់ពីការចេញសេចក្តីសម្រេចដ៏សំខាន់ ក្នុងទីក្រុងឡាអេ ដែលបង្គាប់ឲ្យប្រទេសអ៊ីស្រាអែល បន្ថយសង្គ្រាមរបស់ខ្លួន។

នៅក្នុងការឆ្លើយតបដំបូងចំពោះញត្តិរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលបានចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍ តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានបង្គាប់ឱ្យអ៊ីស្រាអែល ធ្វើអស់ពីសមត្ថភាពដើម្បីការពារការស្លាប់ ការបំផ្លិចបំផ្លាញ និងអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា។

ប្រទេសនេះ បានបញ្ឈប់ភ្លាមៗចំពោះសេចក្តីបង្គាប់ឱ្យបញ្ចប់ការវាយលុកដោយយោធារបស់ខ្លួន ដែលបានបង្កឱ្យមានមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីន។ អ៊ីស្រាអែល បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះបទចោទប្រកាន់នេះ ដោយនិយាយថាខ្លួនកំពុងប្រយុទ្ធនឹងសង្គ្រាម ក្នុងការការពារខ្លួន។

ការត្រៀមខ្លួន កំពុងធ្វើឡើងសម្រាប់អ៊ីស្រាអែល ដើម្បីពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួន ចូលទៅក្នុងទីក្រុង Rafah ជាទីក្រុងនៅភាគខាងត្បូងផុតតំបន់ហ្កាហ្សានៅតាមបណ្តោយព្រំដែនជាមួយប្រទេសអេហ្ស៊ីប ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ១,៤ លាននាក់ បានសម្រុកទៅទីនោះដើម្បីស្វែងរកទីសុវត្ថិភាព។
នៅទីក្រុង Rafah ជំរំតង់ដ៏ស្អេកស្កៈ បានប្រែជាលំនៅឋានរបស់ជនភៀសខ្លួន ដែលបានបង្កឱ្យមានការព្រួយបារម្ភជាសកល ហើយសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល បានព្រមានថា អ៊ីស្រាអែល ត្រូវតែការពារជនស៊ីវិល ក្នុងពេលប្រយុទ្ធជាមួយក្រុមហាម៉ាស។