អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric កាលពីថ្ងៃចន្ទ បានឆ្លើយតបទៅនឹងព័ត៌មាននៃការសុំលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក ម៉ូហាម៉ាត់ ស្តាយយ៉េ(Mohammad Shtayyeh) ។

លោក Shtayyeh បានប្រកាសពីការលាលែងពីតំណែង កាលពីថ្ងៃចន្ទ ខណៈ អាជ្ញាធរប៉ាឡេស្ទីន សម្លឹងទៅរកការកសាងការគាំទ្រសម្រាប់តួនាទីពង្រីកខ្លួន បន្ទាប់ពីសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមឥស្លាមនិយមហាម៉ាសនៅតំបន់ហ្កាហ្សា។

លោក Dujarric បាននិយាយថា រដ្ឋាភិបាលប៉ាឡេស្ទីនដ៏រឹងមាំ និងត្រូវបានផ្តល់សិទ្ធិអំណាច អាចគ្រប់គ្រងដែនដីប៉ាឡេស្ទីនទាំងមូល ដែលមានសារៈសំខាន់ជាផ្នែកនៃមធ្យោបាយឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យពេញលេញ លទ្ធិប្រជាធិបតេយ្យ អធិបតេយ្យភាព និងជារដ្ឋប៉ាឡេស្ទីនស្ថិតស្ថេរ។
ចំណាត់ការនេះ ធ្វើឡើងក្នុងពេលមានសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក លើប្រធានាធិបតី លោក Mahmoud Abbas ដែលធ្វើឱ្យរង្គោះរង្គើអាជ្ញាធរ ខណៈមានកិច្ចប្រឹងប្រែងជាអន្តរជាតិកាន់តែខ្លាំង ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងចាប់ផ្តើមធ្វើការលើរចនាសម្ព័ន្ធនយោបាយដើម្បីគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធ នៅក្រោយពេលសង្គ្រាម។
លោក Abbas បានទទួលយកការលាលែងពីតំណែងរបស់ លោក Shtayyeh ហើយបានសុំឱ្យលោក នៅបន្តជារដ្ឋាភិបាលចាំផ្ទះ រហូតដល់មានអ្នកជំនួសអចិន្ត្រៃយ៍ ត្រូវបានតែងតាំង។ អាជ្ញាធរប៉ាឡេស្ទីន ដែលត្រូវបានបង្កើតឡើងប្រហែល៣០ឆ្នាំមុន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Oslo បណ្តោះអាសន្ន ត្រូវបានបំផ្លាញដោយការចោទប្រកាន់ថា គ្មានប្រសិទ្ធភាព និងអំពើពុករលួយ ហើយនាយករដ្ឋមន្ត្រីកាន់អំណាចមានប្រសិទ្ធភាពតិចតួច។
គ្មានអ្នកបន្តតំណែងណាម្នាក់ ត្រូវបានតែងតាំងនៅឡើយទេ ប៉ុន្តែលោក Abbas ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងតែងតាំង លោក ម៉ូហាម៉ាត់ មូស្តាហ្វា (Mohammad Mustafa) អតីតមន្ត្រីធនាគារពិភពលោក ជាប្រធានមូលនិធិវិនិយោគប៉ាឡេស្ទីន (PIF) ដែលមានបទពិសោធន៍ក្នុងការកសាងឡើងវិញតំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាមពេលមុន នៅក្នុងឆ្នាំ ២០១៤។ ពុំមានការលើកឡើងពីការបោះឆ្នោតនោះទេ ដែលមិនត្រូវបានធ្វើឡើង ចាប់តាំងពីឆ្នាំ២០០៦មក។