ប្រទេសប៉េរូ បានប្រកាសគ្រាអាសន្នសុខភាព នៅទូទាំងតំបន់ភាគច្រើនរបស់ប្រទេស កាលពីថ្ងៃចន្ទ ខណៈរលកកម្តៅនិងភ្លៀងធ្លាក់ខ្លាំង បាននាំទៅរកការកើនឡើងករណីជំងឺគ្រុនឈាម។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សេសា វ៉ាស្គីស(Cesar Vasquez) បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ នៅប្រទេសអាមេរិកខាងត្បូងមួយនេះដោយសារវីរុស បានកើនឡើង៣២នាក់ រហូតមកដល់ឆ្នាំនេះ។

លោក Vasques បាននិយាយថា ករណីសរុប បានកើនឡើងដល់ ៣១.៣០០ករណី ក្នុងរយៈពេល ៨ សប្តាហ៍ដំបូង នៅឆ្នាំនេះ ដែលកើនឡើងពីចំនួន២៤.៩៨១ ករណី ក្នុងរយៈពេល៧សប្តាហ៍ដំបូង។
លោក Vasquez បានប្រាប់អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលប៉េរូ បានអនុម័តញត្តិដើម្បីប្រកាសគ្រាអាសន្នសុខភាពកាលពីថ្ងៃចន្ទ រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីលោក បាននិយាយថាការផ្ទុះឡើងជំងឺគ្រុនឈាន ខិតចូលជិតមកដល់។
រហូតមកដល់ពេលនេះ ករណីភាគច្រើន ត្រូវបានគេមើលឃើញថាកើតមាននៅភាគខាងជើងប្រទេសប៉េរូ ជាកន្លែងដែល មន្ទីរពេទ្យជាច្រើន មានអ្នកជំងឺច្រើនលើសលប់រួចទៅហើយ។
ចាប់តាំងពីឆ្នាំ ២០២៣ ប្រទេសនៅតំបន់ភ្នំអង់មួយនេះ បានប្រឈមទៅនឹងសីតុណ្ហភាពខ្ពស់ និងភ្លៀងធ្លាក់ខ្លាំង ដោយសារតែបាតុភូតអាកាសធាតុអែលនីញ៉ូ ដែលបានព្រមានដល់តំបន់ឆ្នេរប្រទេសប៉េរូ។