ជំនួយមានទាំងស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ ត្រូវបានទម្លាក់ដោយប្រើឆត្រយោង លើតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទទី២៦ខែកុម្ភៈ ដោយទាហានហ្ស៊កដានី ដែលជាប្រតិបត្តិការទម្លាក់ពីលើយន្តហោះដ៏ធំបំផុតសម្រាប់ពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់ កំពុងរស់នៅក្នុងជំរំត្រូវការជំនួយជាចាំបាច់ដើម្បីរស់។

អ្នកនាំពាក្យកងទ័ព លោក ម៉ាស្តាហ្វា ហ៊ីយ៉ារី(Mustafa Hiyari) បាននិយាយថា ប្រតិបត្តិការទម្លាក់ជំនួយនេះបានប្រើយន្តហោះ C-130 ចំនួន៤គ្រឿង រួមទាំងមួយគ្រឿងជាកម្មសិទ្ធិរបស់កងទ័ពអាកាសបារាំង ។

ជំនួយទាំងនោះ ដែលរួមទាំងគ្រឿងបរិក្ខាផ្គត់ផ្គង់វេជ្ជសាស្ត្រ និងអាហារឆ្អិនស្រាប់ ជាប្រភេទអាហារូបត្ថម្ភខ្ពស់ បានទម្លាក់ចូលក្នុងសមុទ្រ ក្បែរឆ្នេរ ហើយដឹកជញ្ជូនឡើងដីគោកតាមទូក។
ប្រជាជនហ្កាហ្សាប្រមាណ២លាន៣សែននាក់ ភាគច្រើននៃពួកគេបានរត់ភៀសខ្លួនពីផ្ទះសម្បែងរងការបំផ្លិចបំផ្លាញដោយសារការទម្លាក់គក្រាប់បែកជាច្រើនខែរបស់អ៊ីស្រាអែល កំពុងប្រឈមវិបត្តិនៃភាពស្រេកឃ្លានកាន់តែធ្ងន់ធ្ងរ។
ព្រះបរមរាជវាំងបានឲ្យដឹងថា ព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡា(Abdullah )បានព្រមានកាលពីថ្ងៃចន្ទពីគ្រោះថ្នាក់នៃប្រតិបត្តិការយោធាដែលបានគ្រោងទុករបស់អ៊ីស្រាអែលក្នុងតំបន់រ៉ាហ្វា និងបានអំពាវនាវដដែលៗឲ្យមានបទឈប់បាញ់ដើម្បីការពារជនស៊ីវិល ក្នុងតំបន់ហ្កាហ្សានិង នាំយកជំនួយកាន់តែច្រើនថែមទៀតចូលក្នុងតំបន់រងការឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែលមួយនេះ៕