ចំណាប់ថ្នូរម្នាក់ដែលត្រូវបានដោះលែងពីតំបន់ហ្កាហ្សា ត្រូវបានខ្ទាតដោយសារកាណុងបាញ់ទឹករបស់នគរបាល ហើយបុរសចំណាស់ម្នាក់បានដួល ក្រោយប៉ះទង្គិចក្បាលដោយសារមន្ត្រីទ័ពសេះម្នាក់ ខណៈនគរបាលបានបង្ក្រាបក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ក្នុងទីក្រុង តេល អាវីវ(Tel Aviv)។

មនុស្ស២១នាក់រួមទាំង អ្នករៀបចំចលនាតវ៉ា២នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងតវ៉ា កាលពីយប់ថ្ងៃសៅរ៍ ជុំវិញអ្វីដែលនគរបាលនិយាយថាជាការប្រមូលផ្ដុំដោយខុសច្បាប់ក្នុងទីលានចតុរង្គប្រជាធិបតេយ្យ ក្បែរទីស្នាក់ការយោធាអ៊ីស្រាអែល។

ឈ្មោះទីលានចតុរង្គនេះ ត្រូវបានគេដាក់ឲ្យកាលពីឆ្នាំមុន ខណៈការប្រមូលផ្ដុំប្រចាំសប្ដាហ៍ បានកើតឡើងនៅទីនោះដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដកអំណាចចៅក្រមរបស់អ៊ីស្រាអែល។

ការតវ៉ាទាំងនោះ ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល។
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែល ក្រសួងយុត្តិធម៌នឹងបើកការស៊ើបអង្កេតលើឧបទ្ទវហេតុមួយ នៅក្នុងវីដេអូ ទំនងជាមន្ត្រីនគរបាលម្នាក់បានវាយបុរសម្នាក់ដោយប្រើខ្សែក្រឡុះសេះ ដែលធ្វើឲ្យបុរសនោះដួលក្រាបទៅនឹងដី៕