មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ២៦កុម្ភៈ ថាសត្វជាង២លានក្បាលបានងាប់នៅក្នុងប្រទេសម៉ុងហ្គោលី រហូតមកដល់ពេលនេះក្នុងរដូវរងានេះ ដោយសារប្រទេសនេះទទួលរងពីអាកាធាតុការត្រជាក់ និងព្រិលធ្លាក់ខ្លាំង។

មិនមែនជារឿងចម្លែកទេ ដែលប្រទេសនេះ ជួបប្រទះស្ថានភាពអាកាសធាតុធ្ងន់ធ្ងរចាប់ពីខែធ្នូដល់ខែមីនា នៅពេលសីតុណ្ហភាពធ្លាក់ចុះដល់ដក៥០ អង្សាសេនៅតំបន់ខ្លះ។
អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថា ប៉ុន្តែរដូវរងានេះ មានស្ថានភាពធ្ងន់ធ្ងរជាងធម្មតា ហើយសីតុណ្ហភាពក៏ចុះទាបជាងធម្មតាដែរ និងមានព្រិលធ្លាក់ខ្លាំងទៀតផង។
លោក កាងទូលហ្កា បាតសៃខាន (Gantulga Batsaikhan) រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសនេះបាននិយាយថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ សត្វពាហនៈចំនួន ២លាន១សែនក្បាលបានងាប់ដោយសារអត់ចំណី និងការហត់នឿយ។

ស្ថិតិផ្លូវការបង្ហាញថា ប្រទេសម៉ុងហ្គោលី មានសត្វបែបនេះចំនួន៦៤លាន៧សែនក្បាលរួមទាំងចៀម ពពែ សេះ និងគោ កាលពីចុងឆ្នាំ២០២៣។
បញ្ហាអាកាសធាតុធ្ងន់ខ្លាំងបែបនេះ ត្រូវបានគេស្គាល់ថាជា ស្ថានភាពរដូវរងាធ្ងន់ធ្ងរ ហើយជាធម្មតាបណ្តាលឱ្យមានសត្វពាហនៈងាប់យ៉ាងច្រើន។
អង្គការសហប្រជាជាតិបាននិយាយថាការប្រែប្រួលអាកាសធាតុកំពុងបង្កើនប្រេកង់ និងអាំងតង់ស៊ីតេនៃសីតុណ្ហភាពរដូវរងាធ្ងន់ធ្ងរ៕