ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មជុំចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនលើរុស្ស៊ី និងដៃគូរបស់ខ្លួន រួមទាំងប្រទេសចិន ផង គឺជាឧទាហរណ៍មួយផ្សេងទៀតនៃការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដែលនឹងប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មសាកលលោក។

ក្រសួងរតនាគារអាមេរិក បានប្រកាសតារាងទណ្ឌកម្មថ្មីកាលពីថ្ងៃសុក្រ សប្ដាហ៍មុនដោយដាក់គោលដៅលើបុគ្គលនិងអង្គភាពប្រមាណ៥០០ នៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងក្រុមហ៊ុនមួយចំនួនរបស់ប្រទេសចិន ចំពោះមូលហេតុពាក់ព័ន្ធមួយចំនួន។

ដោយកមពុងធ្វើអត្ថាធិប្បាយលើការរិតត្បិតនេះ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក គឺជាឧទាហរណ៍ធម្មតានៃទណ្ឌកម្មឯកតោភាគី យុត្តាធិការដៃវែង ដែលមានន័យថា សិទ្ធិសម្រេចរបស់ខ្លួនទូលំទូលាយហួសហេតុក្រៅដែនសមត្ថកិច្ច និងការបង្ខិតបង្ខំសេដ្ឋកិច្ចដែលធ្វើឱ្យខូចដល់ច្បាប់ទម្លាប់ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច សន្តិសុខ និងស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
ទីក្រុងប៉េកាំង បាបញ្ជាក់ថា ខ្លួនបានប្រឆាំងដាច់ខាតចំពោះចំណាត់ការបែបនេះ និងបានប្ដេជ្ញា ចាត់វិធានការតបក្នុងលក្ខខណ្ឌចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់សហគ្រិនចិន។
កាលពីសប្ដាហ៍មុន សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក៏បានរួមបញ្ចូលទាំងក្រុមហ៊ុនរបស់ចិនមួយចំនួនផងដែរនៅក្នុងជុំចុងក្រោយរបស់ពួកគេនៃកញ្ចប់ទណ្ឌកម្មលើរុស្ស៊ី ។ ទីក្រុងប៉េកាំងបានឆ្លើយតបកាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ទីក្រុងព្រុចសែល និងទីក្រុងឡុងដ្រ៍ថាមិនយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍនជាវិជ្ជមានក្នុងទំនាក់ទំនងជាមួយប្រទេសចិន៕