មេដឹកនាំបក្សប្រឆាំងបេឡារុសនិរទេសខ្លួន លោកស្រី ស្វៀតឡាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) បានព្រមានកាលពីថ្ងៃចន្ទថា ការស្លាប់របស់អ្នករិះគន់វិមានក្រឹមឡាំង លោក អាឡិចសេ ណាវ៉ាល់នី (Alexei Navalny) នៅក្នុងអាណានិគមព្រហ្មទណ្ឌរុស្ស៊ី អាចបើក«ភ្លើងខៀវ» សម្រាប់ប្រទេសផ្តាច់ការ ដើម្បីសម្លាប់អ្នកទោសនយោបាយផ្សេងទៀត។

លោកស្រីទីខាណូស្កាយ៉ា ដែលបានភៀសខ្លួនទៅកាន់ប្រទេសលីទុយអានីនៅជិតខាងក្នុងឆ្នាំ ២០២០ បន្ទាប់ពីបានប្រជែងតំណែងជាមួយមេដឹកនាំដែលកំពុងកាន់អំណាចគឺ អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា ខ្លួនបានទទួលរងផលប៉ះពាល់ជាពិសេសចំពោះការស្លាប់របស់លោកណាវ៉ាល់នី ដោយសារតែស្ថានភាពគ្រួសាររបស់លោកស្រី។

ប្តីរបស់លោកស្រី គឺលោក Siarhei អ្នកសរសេរប្លុកវីដេអូរិះគន់អាជ្ញាធរ ត្រូវបានចាប់ខ្លួន នៅក្នុងខែឧសភាឆ្នាំ២០២០ បន្ទាប់ពីបានប្រកាសពីចេតនារបស់ខ្លួនក្នុងការប្រជែងតំណែងជាមួយលោក លូកាសិនកូ។គ្រួសាររបស់លោក បានមិនបានទទួលដំណឹងណាមួយឡើយ។
លោកស្រីទីខាណូស្កាយ៉ា បានប្រាប់សារព័ត៌មានរ៉យទ័រ នៅខាងក្រៅវេទិកានៃ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវថា៖« កាលពីឆ្នាំមុន គាត់ត្រូវបានគេអនុញ្ញាតឲ្យទំនាក់ទំនងជាមួយអ្នកផ្សេងបាន»។