ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky)កាលពីថ្ងៃចន្ទ បានរំលឹកដល់ការកាន់កាប់ឧបទ្វីបគ្រីម៉េ(Crimean)ដោយប្រទេសរុស្ស៊ីកាលពី១០ឆ្នាំមុន ។

លោកហ្សេឡិនស្កី បានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូពេលល្ងាចរបស់ខ្លួនថា៖«អ្វីៗទាំងអស់ បានចាប់ ផ្តើមនៅគ្រីម៉េ-នេះជាការសងសឹករបស់រុស្ស៊ី គឺសង្គ្រាមរុស្ស៊ី។ ថ្ងៃនោះ បានកំណត់ជោគវាសនានៃសន្តិសុខអន្តរជាតិ និងទំនាក់ទំនងអន្តរជាតិ។

កងកម្លាំងពិសេសរបស់រុស្សីគ្មានសញ្ញាជាតិនៅលើឯកសណ្ឋានរបស់ពួកគេ ដែលត្រូវបានគេស្គាល់ថាជា«បុរសបៃតងមាឌតូចៗ» នៅពេលនោះ បានចាប់ផ្តើមកាន់កាប់ឧបទ្វីប និងដកហូតអាវុធរបស់អង្គភាពអ៊ុយក្រែន។
នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៤ ឧបទ្វីបនេះ ត្រូវបានបញ្ចូលទៅក្នុងទឹកដីរុស្ស៊ីដោយសភាជាន់ទាបនៅទីក្រុងមូស្គូ។ ការសម្រេចចិត្តនេះ នៅតែមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិទេ។
លោកហ្សេឡិនស្គី បានសង្កត់ធ្ងន់ថា ឧបទ្វីបគ្រីម៉េ ត្រូវតែត្រឡប់ទៅអធិបតេយ្យភាពរបស់អ៊ុយក្រែនវិញ។ លោកបាននិយាយថា៖«វាពិតជាច្បាស់ណាស់ថា ទីនោះ គឺនៅឧបទ្វីបគ្រីម៉េ ដែលអំពើអាក្រក់របស់រុស្ស៊ី ត្រូវតែទទួលបរាជ័យយ៉ាងដាច់ខាត»។
លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានសម្រេចលទ្ធផលសំខាន់ៗរួចហើយ នៅក្នុងសមុទ្រខ្មៅ។ «យើងកំពុងធ្វើការ ដើម្បីសម្រេចបាននូវលទ្ធផលចាំបាច់ នៅលើអាកាស និងនៅលើដីនៅឧបទ្វីបគ្រីម៉េ»។