ក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) បានអះអាងសារជាថ្មីអំពីអធិបតេយ្យភាពរបស់ប្រទេសចិន លើតំបន់ថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីរូបភាពពីផ្កាយរណបបង្ហាញពីរបាំងបណ្តែតថ្មីឆ្លងកាត់ច្រកចូលរបស់ដែនទឹកនេះ។

រូបភាពមួយក្នុងចំណោមរូបភាពដែលថតដោយផ្កាយរណបរបស់ក្រុមហ៊ុន ម៉ាកហ៊្សា តិចណូឡូជីស៍ (Maxar Technologies) កាលពីថ្ងៃទី២២ ខែកុម្ភៈ និងត្រូវបានមើលឃើញដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញរបាំងបិទច្រកចូលច្រាំងសមុទ្រ ជាទីដែលឆ្មាំល្បាតឆ្នេរចិនកាលពីសប្តាហ៍មុនបានអះអាងថាបានបណ្តេញនាវាហ្វីលីពីន ដែល «រំលោភបំពានដោយខុសច្បាប់» ចូលទៅក្នុងដែនទឹករបស់ទីក្រុងប៉េកាំង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា ដែនទឹក ហ័ងយាន តាវ (Huangyan Dao) ដែលជាឈ្មោះរបស់ប្រទេសចិនសម្រាប់តំបន់ថ្មប៉ប្រះទឹកនេះ គឺជា «ទឹកដីបន្តជំនាន់របស់ប្រទេសចិន»។

ហ្វីលីពីន ដែលកាលពីសប្តាហ៍មុនបានបញ្ជូននាវាមួយគ្រឿងរបស់ការិយាល័យធនធាននេសាទ និងជលផល (BFAR) ដើម្បីល្បាតតាមមាត់សមុទ្រ និងដឹកជញ្ជូនឥន្ធនៈទៅកាន់អ្នកនេសាទហ្វីលីពីននៅក្នុងតំបន់នោះ បាននិយាយថា ការអះអាងរបស់ចិនគឺ «មិនត្រឹមត្រូវទេ» ហើយថាសកម្មភាពរបស់ទីក្រុងម៉ានីល នៅទីនោះគឺស្របច្បាប់៕
