ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹតិ្តការណ៍ស្តីពី «រាត្រីសមោសរសំពត់បត់ខ្មែរ» អមដោយ «ពិព័រណ៍សិប្បកម្មខ្មែរ» ជាលើកដំបូងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១-២-៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នាសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងសន្និសីទសាព័ត៌មាន កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការរៀបចំកម្មវិធី បានថ្លែងថា នៅថ្ងៃទី១ នៃកម្មវិធីរាត្រីសមោសរនេះ មានការតាំងពិព័រណ៍ផលិតផល ធ្វើដោយដៃខ្មែរ ដូចជា៖ សូត្រធម្មជាតិ ហូល មាន២ប្រភេទ (ហូលពិដាន និងហូល សម្រាប់កាត់ធ្វើជាសម្លៀកបំពាក់) ដែលសិប្បករបានត្បាញ ទុកសម្រាប់ប្រើប្រាស់។ ដូច្នេះកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ និងបង្ហាញជម្រាបជូនដល់មហាជនឲ្យបានជ្រាប។ ហើយកម្មវិធីខាងលើនេះ ក៏មានកម្មវិធីជាច្រើនទៀត ដែលច្របាច់បញ្ចូលគ្នា ជាច្រើនទម្រង់ ប្រៀបប្រដូចនឹងសម្លកកូរ ក៏ប៉ុន្តែចុងភៅទាំងអស់របស់ក្រសួង ខិតខំស្លរសម្លមួយចាននេះ ឲ្យបានឆ្ងាញ់មាត់ ដល់មហាជនទាំងអស់ ក៏សូមថ្លែងអំរគុណដល់លោកជំទាវ រដ្ឋមន្រី្ត បានចេញជាគោលការណ៍ អនុញ្ញាតឲ្យរៀបចំព្រឹតិ្តការណ៍ និងជ្រំជ្រែង ពិនិត្យ និងកែលម្អជាច្រើន ដើម្បីឲ្យកម្មវិធីនេះ ដំណើរការទៅបានយ៉ាងល្អ ជូនដល់ទស្សនិកជន។
ចំណែកឯកឧត្តម ទិត្យ ថារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា យើងមកទីនេះ ដើម្បីរួមគ្នាថែរក្សា អភិរក្ស នូវវិស័យវប្បធម៌ ក៏ដូចជាការផ្សព្វផ្សាយនូវសក្តានុពលវប្បធម៌ ឲ្យកាន់តែល្បីល្បាញ និងយល់ដឹង ជាពិសេសយុវជន យុវនារីខ្មែរយើងនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរថា ការរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ »នេះមានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបីរបស់ដូនតាខ្មែរយើង ដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ហើយកម្មវិធីនេះជាការបំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួន ជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ ជាពិសេសចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរដំណែលអរូបីរបស់ដូនតាខ្មែរយើង ដែលបានបន្សល់ទុកមក។ ដូច្នេះក្នុងនាមយើងជាទំពាំងស្នងឫស្សី យើងជាយុវជនខ្មែរ គឺយើងត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា។ តាមការគ្រោងទុកកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ»នឹងធ្វើឡើង នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ នៅក្នុងកម្មវិធីដ៏សំខាន់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមលើកទឹកចិត្តដល់សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន អញ្ជើញចូលរួមទស្សនា និងផ្សព្វផ្សាយដោយសេរី ដើម្បីជាការលើកទឹកចិត្ត និងបន្តរួមគ្នាថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស៕
អត្ថបទ៖ រដ្ឋា


















