ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅក្រសួងកិច្ចការនារី លោកជំទាវបានវាយតម្លៃខ្ពសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ស.ស.ខ ក៏ដូចជាការចូលរួមចំណែកពីគ្រប់ក្រសួងស្ថាប័នដែលបានពួតដៃគ្នាអនុវត្តតួនាទី និងភារកិច្ច ប្រកបដោយមនសិកា និងការទទួលខុសត្រូវខ្ពស់ ជាពិសេសជំរុញការអនុវត្តអនុសាសន៍ ទាំង៦ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការធ្វើបច្ចុប្បន្ន ភាពផែនការសកម្មភាពរបស់ គ.ជ.ស.ស.ខ ដើម្បីឆ្លើយតបលើការវិវឌ្ឍរបស់សង្គម តាមរយៈការរួមគ្នាលុបបំបាត់ និងដោះស្រាយបញ្ហាអវិជ្ជមាននានា សំដៅថែរក្សាអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ ព្រមទាំងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឱ្យកាន់តែល្អផូរផង់ថែមទៀត។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងនៅក្នុងសុន្ទរកថានាព្រឹកមិញថា ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវគិតគូរដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេក្នុងបរិការណ៍នៃយុគសម័យឌីជីថល ក្នុងនោះការរើសអើង និងមិនផ្ដល់តម្លៃចំពោះស្រ្តីនៅតែបន្តកើតមាន ព្រមទាំងការកើនឡើងនៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង, វីដេអូខ្លីៗ ដែលបង្កប់ខ្លឹមសារអាសអាភាសដែលផ្សាយមបណ្ដាញផ្សព្វផ្សាយសង្គម។ លោកជំទាវបនន្តថា ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ កាលពីពេលកន្លងទៅ គណៈកម្មការធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ បានបង្កើតឯកសារនិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីលើកកម្ពស់សីលធម៌តាមប្រព័ន្ធអនឡាញ។
លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ បានមានប្រសាសន៍ទទួលស្គាល់ថា បច្ចេកវិទ្យាគឺ ជាអាវុធមុខពីរដែលកើតចេញពីការអភិវឌ្ឍដ៏ឆាប់រហ័ស ប៉ុន្តែយើងក៏មិនអាចបដិសេធចំពោះអ្វីដែលកំពុងកើតមាន ហើយបែរជាផ្ដេកផ្ដួលទៅតាមការវិវឌ្ឍនេះ ផ្ទុយមកវិញយើងក៏អាចឆក់ឱកាស ហើយប្រើ ប្រាស់បច្ចេកវិទ្យាដើម្បីជាមធ្យោបាយក្នុងការផ្សព្វផ្សាយ និងអប់រំ អំពីសីលធម៌សង្គមឱ្យ កាន់តែខ្លាំងក្លាថែមទៀត។ លោកជំទាវបន្តថា បញ្ហាប្រឈមពិតប្រាកដមិនស្ថិតនៅលើបណ្ដាញសង្គម និងបច្ចេកវិទ្យាតែឯកឯងនោះទេ សីលធម៌សង្គមគឺអាស្រ័យនឹងការអប់រំ ចំណេះដឹង និង ការ ប្តេជ្ញាចិត្តពីសំណាក់តួអង្គពាក់ព័ន្ធ និងជាពិសេសគ្រប់តួអង្គប្រតិបត្តិរបស់រាជរដ្ឋាភិបាល ត្រូវដើរតួបុរេសកម្ម សកម្ម និង ស្រុះដៃគ្នា។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតបានដាក់ចេញនូវសារគន្លឹះចំនួន ៥ ចំណុចដើម្បីកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ ដែលមានខ្លឹមសារដូចខាងក្រោម៖
ទី១. បន្តគាំទ្រផែនការយុទ្ធសាស្ត្រនារីរតនៈ ដែលមានគោលបំណងលើកកម្ពស់ សមភាពយេនឌ័រ ត្រង់ចំណុចនេះខ្ញុំក៏ធ្លាប់បានលើកក្នុងកម្មវិធីបងស្រីនិងប្អូនស្រីកាល ពីពេលថ្មីៗនេះថា នៅក្នុងផ្ទះបើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមីនិងឪពុក ក៏ពិបាកនឹងមានឪកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ។
ទី២. ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៏ទាំង ៦ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសត្រូវគិតគូរចាត់វិធានការចំពោះ អនុសាសន៍ និងរាល់ផែនការសកម្មភាពទាំងឡាយណាដែលយើងមិនទាន់បានអនុវត្ត។
ទី៣. ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានជាអាតិបរិមា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ជា កោណរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះបញ្ចកោណទី១ មុំទី៥ ស្តីពីការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអរយ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និង បរិយាបន្ន ត្រង់ចំណុចទី៧ បានចែងអំពីការបន្តលើកកម្ពស់ការគោរព សីលធម៌, តម្លៃស្រ្តី, សេចក្ដីថ្លៃថ្នូរក្នុងគ្រួសារ និង សង្គមខ្មែរ រួមទាំង មុំដែលមានការពាក់ព័ន្ធដ៏ទៃ ទៀតដែលមានលក្ខណៈជាអន្តរវិស័យ។
ទី៤. ត្រូវបន្តតាមដាន និង ជំរុញការងារដែលបានដាក់ចេញតាមរយៈគោល នយោបាយ ផែនការសកម្មភាពនានា ដែលក្រសួងកិច្ចការនារី បានរៀបចំកន្លងមក ក្នុង នាមជាសេនធិការជូនរាជរដ្ឋាភិបាល។ ជាពិសេសយើងត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវ មាត្រា៣៨ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទ ដោយ បានកំណត់យ៉ាងច្បាស់អំពីនយមន័យនៃរូបភាពនិងសម្ភារៈអាសអាភាស ជាពិសេសការ ចែកចាយរូបភាព ឬខ្សែវីដេអូរួមទាំងសម្ភារៈដែលពិពណ៌នាអំពីកេរភេទ ឬភាពអាសអា ភាសប្រហាក់ប្រហែល។
ទី៥. ត្រូវចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការ ម៉ឹងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤កន្លងទៅថ្មីៗនេះ។ ការអនុវត្តនូវបទ បញ្ញានេះ ក៏ជាការចូលរួមចំណែកលើកកម្ពស់ សីលធម៌ និងសេចក្តីថ្លៃថ្នូរគ្រួសារខ្មែរ ព្រម ទាំងចូលរួមកាត់បន្ថយអំពើហឹង្សាក្នុងសង្គមផងដែរ។
ក្នុងឱកាសនេះដែរ លោកជំទាវបានរំលឹកអំពីឧបការគុណដ៏ថ្លៃថ្លា កន្លងមក របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងបានផ្ដល់ឱវាទានុសាសន៍ ប្រកបដោយគុណតម្លៃស្ទើតែមិនអាចកាត់ថ្លៃបាន ដែលជានិច្ចជាកាល សម្តេច គឺជាមាតា ១រូប បានតម្កល់តមៃ្ល សីលធម៌សង្គម និង ស្ត្រីខ្មែរ ដើម្បីភាពថ្លៃថ្នូ និងកិត្តិយសជាតិ ធ្វើឱ្យយើងមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់តម្រង់ទិសដល់ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ ក្នុងការដាក់ចេញនូវទិសដៅ និងផែនការសកម្មភាពរបស់ខ្លួន៕ ដោយ ៖ សុជាតា



