
ក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ជាង ២៩.៧០០ នាក់។
ក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩០ នាក់ និងបង្ករបួស ១៦៤ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩.៧៨២ នាក់ និងរបួសដល់ ៧០.០៤៣ នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
កាលពីថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែលបានវាយប្រហារលើផ្លូវរូងក្រោមដីមួយ ដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ កងទ័ពបន្ថែមថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធជាច្រើននាក់នៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ខណៈប្រតិបត្តិការកាន់តែខ្លាំងក្លានៅក្នុងទីក្រុង ខាន់ យូនីស (Khan Younis) នៅភាគខាងត្បូង។
កងពលតូច អាល់កាសាម (Al-Qassam) ដែលជាស្លាបប្រដាប់អាវុធនៃចលនាតស៊ូអ៊ីស្លាម ហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថា បុគ្គលិកប្រដាប់អាវុធរបស់ពួកគេបានចូលរួមក្នុងការប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល នៅក្នុងទីតាំងជាច្រើននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយពួកគេបានវាយប្រហារទាហានអ៊ីស្រាអែលនៅក្រុង ខាន់ យូនីស និងបំផ្លាញរថក្រោះអ៊ីស្រាអែលមួយគ្រឿង៕