
ក្រុមអ្នកព្យាករណ៍បាននិយាយកាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) ថាប្រជាជនអាមេរិកមួយចំនួននឹងត្រូវប្ដូរពីការសម្របខ្លួនក្នុងអាកាសធាតុត្រជាក់ខ្លាំង ទៅរកការទប់ទល់អាកាសធាតុក្ដៅក្នុងរយៈពេលតិចជាង ២៤ ម៉ោង ដោយសាររលកកម្ដៅនៅតំបន់វាលទំនាបកណ្តាល និងភាគខាងត្បូង ធ្វើឱ្យអាកាសធាតុអាក្រក់ជាងធម្មតាសម្រាប់ពេលវេលាដូចគ្នាក្នុងឆ្នាំនេះ។
សីតុណ្ហភាពកាលពីថ្ងៃច័ន្ទ នៅក្នុងរដ្ឋដូចជារដ្ឋ ណេប្រាស្កា (Nebraska) និងរដ្ឋ អ៊ីអូវ៉ា (Iowa) ស្ថិតក្នុងកម្រិតជាង ២០ អង្សាសេ ដែលផ្នែកខ្លះមានសីតុណ្ហភាពប្រហែល ២២ អង្សារសេ លើសពីកម្រិតមធ្យមសម្រាប់ពេលវេលានេះនៃឆ្នាំនេះ ខណៈទីក្រុងនៅភាគខាងត្បូងដូចជា ក្រុង ដាឡាស (Dallas) របស់រដ្ឋតិចសាស់ មានអាកាសធាតុក្តៅខ្លាំង ខណៈសីតុណ្ហភាពឡើងជាងពាក់កណ្តាល ៣០ អង្សាសេ។
រលកកម្ដៅក្នុងសប្តាហ៍នេះ កើតឡើងបន្ទាប់ពីអាកាសធាតុមិនធម្មតាផ្សេងទៀតនៅទូទាំងសហរដ្ឋអាមេរិកក្នុងរដូវរងានេះ រាប់ចាប់ពីភ្លៀងធ្លាក់ខ្លាំងដោយសារ «កំសួលសំណើមបរិយាកាស» ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា (California) ដែលបានទម្លាក់ទឹកភ្លៀងក្នុងកម្រិតមួយឆ្នាំ ក្នុងពេលត្រឹមតែប៉ុន្មានម៉ោង រហូតដល់កម្រិតអាកាសធាតុកកដែលសីតុណ្ហភាពធ្លាក់ទាបជាប្រវត្តិសាស្ត្រនៅតំបន់ទន្លេ ហ្រ្គីន លេកស៍ (Great Lakes)។
អ្នកព្យាករណ៍បាននិយាយថា វាពិបាកក្នុងការកំណត់គំរូអាកាសធាតុរួមចំពោះបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស ប៉ុន្តែអាកាសធាតុធ្ងន់ធ្ងរកាន់តែញឹកញាប់កើតឡើងដោយសារតែបញ្ហានេះ។ អ្នកវិទ្យាសាស្ត្រនិយាយថា គំរូអាកាសធាតុ អ៊ែលនីញ៉ូ ដែលកំពុងរីករាលដាលក៏រួមចំណែកដល់បញ្ហាអាកាសធាតុមិនធម្មតានេះដែរ៕